ជនស៊ីវិលស្លាប់លើស ១,០០០ នាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ ក្នុងចំណោមមានកុមារជាច្រើន

ជនស៊ីវិលស្លាប់លើស ១,០០០ នាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ ក្នុងចំណោមមានកុមារជាច្រើន

តួលេខចុងក្រោយបំផុតពីក្រុមសិទ្ធិមនុស្សបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃពុធទី៤ ខែមីនា ជនស៊ីវិលបាត់បង់ជីវិតក្នុងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ បានកើនលើស ១,០០០ នាក់ហើយ។

សង្គ្រាមអ៊ីរ៉ង់

តាមការផ្សាយរបស់ BBC ដែលបានទិន្នន័យពីក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (HRANA) ជនស៊ីវិលចំនួន ១,០៩៧ នាក់ហើយត្រូវបានសម្លាប់ បើគិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។

ក្នុងនោះគេដឹងថា ហេតុការណ៍សម្លាប់មនុស្សដ៏រន្ធត់មួយ បានកើតឡើងនៅសាលារៀនក្នុងតំបន់ Minab ភាគខាងត្បូង ដែលអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស១៥៣នាក់ មានទាំងកុមារផងដែរ។

សម្រាប់ទិន្នន័យរបស់ HRANA ក្នុងចំណោមមនុស្សស្លាប់ទាំង១,០៩៧ នាក់ គឺមាន១៨១ នាក់ជាកុមារអាយុក្រោម១០ឆ្នាំ ហើយបើនិយាយពីជនស៊ីវិលរងរបួសវិញ គឺមាន ៥,៤០២ នាក់ បូករួមទាំងកុមារប្រមាណ១០០នាក់ផងដែរ។

កងទ័ពនៅតំបន់ជម្លោះ

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។

ប្រតិបត្តិការនោះ ឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei និងមន្ត្រីកំពូលៗច្រើននាក់ថែមទៀតផង។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រ ធ្វើឲ្យសង្គ្រាមកាន់តែរីករាលដាល។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles