ត្រាំ ថា​មិន​ខ្វាយខ្វល់​អ៊ីរ៉ង់​នៅ World Cup 2026 ខណៈ​អ៊ីរ៉ង់​សង្ស័យ​លទ្ធភាព​ចូលរួម

ត្រាំ ថា​មិន​ខ្វាយខ្វល់​អ៊ីរ៉ង់​នៅ World Cup 2026 ខណៈ​អ៊ីរ៉ង់​សង្ស័យ​លទ្ធភាព​ចូលរួម

ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ថា លោកមិនខ្វាយខ្វល់ទេ ប្រសិនបើអ៊ីរ៉ង់ចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026)។ ការអត្ថាធិប្បាយនេះកើតឡើងក្នុងពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងវាយប្រហារលើអ៊ីរ៉ង់កាន់តែខ្លាំងឡើង។

លោក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិកកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយប្រទេសកាណាដា និងម៉ិកស៊ិក សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។ លោកត្រាំបានប្រាប់កាសែតអាមេរិក Politico ថា៖ «ខ្ញុំពិតជាមិនខ្វល់ទេ។ ខ្ញុំគិតថា អ៊ីរ៉ង់ជាប្រទេសដែលចាញ់យ៉ាងធ្ងន់ធ្ងរ»។

ក្រុមជម្រើសជាតិឈុតធំបុរសអ៊ីរ៉ង់បានឈានដល់ការប្រកួតជុំចុងក្រោយនៃពានរង្វាន់ World Cup ជាលើកទី៤ សម័យកាលជាប់គ្នា ហើយពួកគេគ្រោងនឹងបើកយុទ្ធនាឆ្នាំ២០២៦នៅលើទឹកដីសហរដ្ឋអាមេរិក។

ក្រុមបាល់ទាត់អ៊ីរ៉ង់

ប្រទេសអ៊ីរ៉ង់មិនបានប្រកាសដកខ្លួនចេញពីការប្រកួត World Cup ឆ្នាំ២០២៦នោះទេ នៅពេលដែលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរចំនួន៣នៅក្នុងប្រទេសនេះ។ ប៉ុន្តែជាមួយភាពចលាចលបច្ចុប្បន្នដ៏ធ្ងន់ធ្ងរជាងនេះ ប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់ លោក Mehdi Taj ត្រូវបានរាយការណ៍ថា កំពុងដាក់ការសង្ស័យលើលទ្ធភាពចូលរួមរបស់ពួកគេ។

លោក Taj បានប្រាប់ទូរទស្សន៍អ៊ីរ៉ង់ថា៖ «វានៅឆ្ងាយពីការរំពឹងទុករបស់យើងដែលអាចមើលឃើញព្រឹត្តិការណ៍ World Cup ជាមួយក្តីសង្ឃឹម»។ លោកបន្ថែមថា មន្ត្រីកីឡាអ៊ីរ៉ង់នឹងសម្រេចចិត្តថា តើសកម្មភាពណាមួយចាំបាច់ ឬអត់?

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Mattias Grafstrom អគ្គលេខាធិការសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានលើកឡើងថា៖ «ការផ្តោតអារម្មណ៍របស់យើង (FIFA) ដើម្បីឱ្យមានព្រឹត្តិការណ៍ World Cup ប្រកបដោយសុវត្ថិភាពជាមួយមនុស្សគ្រប់គ្នាចូលរួម»។

អត្ថបទសរសេរដោយ វិរៈបុត្រ | កែសម្រួលដោយ ធីតា

administrator

Related Articles