
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញសេចក្តីព្រមានថា ជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល តាមរយៈវិបត្តិថាមពល និងការរំខានពាណិជ្ជកម្ម។

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា អង្គការហិរញ្ញវត្ថុអន្តរជាតិនេះបានបង្ហាញពីការព្រួយបារម្ភខ្លាំងចំពោះការវិវត្តនៅមជ្ឈិមបូព៌ា ដែលកំពុងប៉ះពាល់ដល់លំហូរពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិកាត់តាមច្រកសមុទ្រហ័រមូហ្ស (Hormuz)។
លោក Dan Katz អនុប្រធានគ្រប់គ្រងទី១របស់ IMF បានព្រមានថា៖ “ភាពមិនប្រាកដប្រជា និងការកើនឡើងជាបន្តបន្ទាប់នៃតម្លៃថាមពល អាចធ្វើឱ្យធនាគារកណ្តាលទូទាំងពិភពលោកមានការប្រុងប្រយ័ត្ន ជាពិសេសពាក់ព័ន្ធនឹងអស្ថិរភាពនៃអតិផរណា។”

អ្នកវិភាគបានចង្អុលបង្ហាញថា ការរំខានលើច្រកសមុទ្រហ័រមូហ្សអាចរីករាលដាលយ៉ាងឆាប់រហ័សទៅក្នុងបណ្តាញពាណិជ្ជកម្ម និងផលិតកម្ម។ ជម្លោះនេះបានធ្វើឱ្យលក្ខខណ្ឌផ្គត់ផ្គង់កាន់តែតឹងតែង និងបង្កើនភាពមិនប្រាកដប្រជាជុំវិញការដឹកជញ្ជូន ធ្វើឱ្យតម្លៃប្រេងអន្តរជាតិម៉ាក Brent ហក់ឡើងលើស ៨០ ដុល្លារ/បារ៉ែល។
IMF បានព្យាករកំណើនសេដ្ឋកិច្ចសកល ៣,៣% នៅឆ្នាំ២០២៦ ប៉ុន្តែបានលើកឡើងពីភាពមិនប្រាកដប្រជាថ្មី នៅពេលដែលជម្លោះកាន់តែធ្ងន់ធ្ងរឡើងៗ។ មូលនិធិនេះនឹងផ្តល់ការវាយតម្លៃគ្រប់ជ្រុងជ្រោយមួយក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកខែមេសាខាងមុខ។
