អ្នកជំនាញសេដ្ឋកិច្ចថៃបានប្រកាសការព្រមានសំខាន់មួយដោយបង្ហាញថា ជម្លោះដែលកំពុងអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា អាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃឆ្នាំ២០២៦ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃពុធ ទី៤ មីនា ដោយចង្អុលបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) អាចធ្លាក់ចុះមកត្រឹម ១,៣% ប៉ុណ្ណោះ ដែលទាបជាងការព្យាករមុនដែលស្ថិតនៅចន្លោះ ១,៦-២%។
លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «យើងសង្ឃឹមថា បញ្ហានឹងដោះស្រាយចេញក្នុងរយៈពេល១ខែ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់»។

ផលប៉ះពាល់សំខាន់ៗរួមមាន៖
- តម្លៃថាមពលកើនឡើង ជាពិសេសឧស្ម័នធម្មជាតិពង្រាវ (LNG)
- ថ្លៃអគ្គិសនី និងថ្លៃឧស្សាហកម្មកើនខ្ពស់
- ថ្លៃដឹកជញ្ជូនកើនឡើងដោយសារការរំខានផ្លូវដឹកជញ្ជូន
- ការធ្លាក់ចុះភ្ញៀវទេសចរពីមជ្ឈិមបូព៌ាប្រហែល ៧០,០០០-៨០,០០០ នាក់
លោក Kriengkrai បានជំរុញឱ្យរដ្ឋាភិបាលថៃថ្មីបន្តដំណើរការបញ្ចេញថវិកាជាតិយ៉ាងឆាប់រហ័ស គ្រប់គ្រងថ្លៃថាមពល និងពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច។

