ខេត្តកំពង់ស្ពឺ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារចំនួនជិត ២ម៉ឺនកន្លែង ដែលកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៨,០៣២កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករ និងអ្នកស្វែងរកការងារអាចស្វែងរកព័ត៌មានលម្អិតតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលមានលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យការងារ។

ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន អ្នកស្វែងរកការងារក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់លេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួល និងស្វែងរកការងារជូនផងដែរ។

ការផ្តល់ឱកាសការងារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទទួលអតីតពលករត្រឡប់មកពីប្រទេសថៃ និងជួយសម្រួលដល់អ្នកអត់ការងារធ្វើក្នុងស្រុក។
