រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលកំពុងបក់ពីសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ។

ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់វាលទំនាបក្នុងកម្រិត ១៥% នៃផ្ទៃដី។ សម្រាប់តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងកម្រិត ១០% នៃផ្ទៃដីផងដែរ។
ទន្ទឹមនឹងបាតុភូតនេះ សីតុណ្ហភាពអតិបរមាក្នុងប្រទេសអាចឡើងដល់ ៣៥ អង្សាសេ ដែលធ្វើឱ្យអាកាសធាតុមានសភាពក្ដៅហួតហែង។

អាស្រ័យហេតុនេះ ក្រសួងបានផ្ដល់អនុសាសន៍ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ។
សូមរក្សាទំនាក់ទំនងជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីទទួលបានព័ត៌មានអាកាសធាតុថ្មីៗបំផុត។
