(តាកែវ)៖ ស្ត្រីម្ចាស់ទីតាំងបញ្ចាំយីហោ «និមល» នៅស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅថ្ងៃទី៤ មីនា ២០២៦ បន្ទាប់ពីលក់ម៉ូតូមិនប្រក្រតីដែលមានកាតគ្រី និងផ្លាកលេខក្លែងក្លាយ។

ជនរងគ្រោះឈ្មោះ អ៊ុំ ផាន្នី ដែលមានស្រុកកំណើតនៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស បានបញ្ជាក់ថា គាត់បានទិញម៉ូតូពីហាងនេះកាលពីថ្ងៃទី១៣ កុម្ភៈ ២០២៦។ នៅពេលទទួលបានផ្លាកលេខ និងកាតគ្រី កន្លែងលក់បានប្រគល់ឲ្យគាត់ទៅយកកឹបដោយខ្លួនឯង។

ខណៈបុរសនោះបានយកទៅក្រុមហ៊ុនហុងដា ២៧១ កឹបឲ្យ តែគេមិនព្រមកឹបឲ្យ ហើយមិនបានប្រាប់ពីបញ្ហាអ្វីនោះឡើយ។ បុរសនោះក៏បន្តយកទៅជាងធម្មតាទើបគេកឹបលេខឲ្យ។

ដោយមិនអស់ចិត្ត ជនរងគ្រោះបានទៅសួរជំនាញ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ពេលនោះ មន្ត្រីជំនាញបញ្ជាក់ថា ផ្លាកលេខ និងកាតគ្រី គឺក្លែងក្លាយ ដោយម៉ូតូនោះមានផ្លាកលេខដើមខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធី។


