ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្តល់ព័ត៌មានថ្មីអំពីស្ថានភាពពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ដោយមានពលរដ្ឋ៧៥៧នាក់បន្ថែមទៀតបានវិលត្រឡប់ទៅលំនៅឋានវិញក្នុងរយៈពេល២៤ម៉ោងកន្លងមក។

ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយរំលឹកថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃនៅតែបន្តធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀងដែលមានស្រាប់។
ស្ថិតិពលរដ្ឋភៀសសឹកថ្មី៖
• ពលរដ្ឋ៧៥៧នាក់បន្ថែមបានវិលត្រឡប់ទៅលំនៅឋានវិញ
• សរុបពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់
• ជិត៩៣% ឬជាង៦សែននាក់បានត្រឡប់ទៅលំនៅឋានវិញហើយ
• នៅសល់៤៦,៩៥៧នាក់ទៀត (ស្ត្រី២៤,៦២៣នាក់ និងកុមារ១៥,៦០៤នាក់) ពុំទាន់អាចវិលត្រឡប់
ផលប៉ះពាល់លើសេវាសាធារណៈ៖
ក្រសួងមហាផ្ទៃបានរាយការណ៍ថា សាលារៀន និងមន្ទីរពេទ្យនៅតាមខេត្តព្រំដែននៅតែបន្តផ្អាកសេវាកម្ម៖
• ខេត្តឧត្តរមានជ័យ៖ សាលារៀន៨ និងមន្ទីរពេទ្យ៥
• ខេត្តបន្ទាយមានជ័យ៖ សាលារៀន៥ និងមន្ទីរពេទ្យ១
• ខេត្តព្រះវិហារ៖ សាលារៀន២៩ និងមន្ទីរពេទ្យ១៤
ក្រសួងមហាផ្ទៃបានអះអាងថា បន្តគាំទ្រពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតវ៉ាចំពោះសកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ។ ក្រសួងក៏បន្តអញ្ជើញតំណាងប្រទេសជាមិត្ត និងអង្គការអន្តរជាតិចុះទស្សនកិច្ចដោយផ្ទាល់នៅតំបន់ព្រំដែន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ។
ដោយ៖ តារា
