ខេត្តសៀមរាប៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់ ៧កន្លែង និងឡដុតធ្យូង ១កន្លែង ក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។

លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្ត និងមន្រ្តីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមានសកម្មភាពកែច្នៃខុសច្បាប់ ប៉ុន្តែទីតាំងទាំងនេះនៅតែបន្តធ្វើដោយខុសច្បាប់។ ដូច្នេះក្រុមការងារនឹងអនុវត្តតាមផ្លូវច្បាប់ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។

លោកក៏បានស្នើឱ្យមានការបង្កើតសហគមន៍ឡធ្យូងគំរូមួយនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលនឹងតម្រូវឱ្យប្រើប្រាស់តែប្រភេទឈើក្នុងស្រុកដូចជា ដើមស្វាយចន្ទី ឬស្សី និងត្រឡោក ដូងជាដើម ដែលមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងចម្រុះបានចុះត្រួតពិនិត្យទីតាំងសរុបចំនួន៨ ដោយក្រុមការងារបានសម្រេចដកហូតឧបករណ៍ជាច្រើនរួមមាន៖ ម៉ាស៊ីនតាប ៤គ្រឿង, ម៉ាស៊ីនវាល ៣គ្រឿង, ម៉ាស៊ីនច្រៀក ៤គ្រឿង, ម៉ាស៊ីនភ្លើង ៤គ្រឿង, ម៉ាស៊ីនខ្យល់, ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត។

ជាមួយគ្នានោះ ក្រុមការងារក៏បានដកហូតឈើប្រណិត និងឈើលេខ១ ចំនួន ២ទីតាំង ជាប្រភេទឈើកំណាត់សម្រាប់ដុតធ្យូង ព្រមទាំងសរសរឈើមួយចំនួន ដែលម្ចាស់បានរត់គេចខ្លួនបាត់។

អាជ្ញាធរខេត្តសៀមរាប បានតម្រូវឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា បញ្ឈប់អាជីវកម្មកែច្នៃផលអនុផលព្រៃឈើជាបន្ទាន់។ ចំពោះករណីឡធ្យូងក្នុងដែនអភិរក្ស ស្ថិតនៅភូមិពើងឆ័ត្រ អាជ្ញាធរបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពផងដែរ។









