ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានប្រកាសថា ប្រទេសចិនកំពុងត្រៀមបញ្ជូនបេសកជនពិសេសទៅតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល។

លោកវ៉ាង យី បានបង្ហើបពីគម្រោងនេះក្នុងអំឡុងពេលសន្ទនាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ដោយថ្លែងយ៉ាងច្បាស់ថា៖ “ប្រទេសចិនមិនចង់ឃើញជម្លោះបន្តរីករាលដាលដូចសព្វថ្ងៃនេះឡើយ។”
យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសចិន ប្រទេសនេះសូមជំរុញឱ្យគ្រប់ភាគី៖
• បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់
• ចាប់ផ្តើមការសន្ទនាភ្លាមៗ
• ចូលរួមតុចរចាកាន់តែឆាប់តាមដែលអាចធ្វើទៅបាន
• ជៀសវាងការបង្កភាពតានតឹងសាជាថ្មី

រដ្ឋមន្ត្រីចិនបានចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាវាយប្រហារដោយឥតរើសមុខដូចសព្វថ្ងៃនេះ ជាករណីមិនអាចទទួលយកបានជាដាច់ខាត។ ជាពិសេសការវាយប្រហារទៅលើជនស៊ីវិល ឬគោលដៅមិនមែនយោធា។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រើប្រាស់ការអត់ធ្មត់ និងប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកបានសង្កត់ធ្ងន់ថា៖ “ប្រទេសនានានៅតំបន់មជ្ឈិមបូព៌ាជៀសមិនផុតពីការផ្សះផ្សាគ្នាទេនៅទីបញ្ចប់។”

អ្នកវិភាគយល់ថា ការប្រកាសនេះចង់សំដៅលើការចរចារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កាលពីឆ្នាំ២០២៣ ដែលចិនដើរតួនាទីសំខាន់ក្នុងការសម្រុះសម្រួល។ ចិនចាត់ទុកថានោះជាសមិទ្ធផលដ៏ថ្លៃថ្លាបំផុតរបស់ខ្លួននៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីបរទេសអារ៉ាប៊ីសាអូឌីតបានបង្ហាញកង្វល់ថា សង្គ្រាមអ៊ីរ៉ង់កំពុងរីករាលដាលធំឡើងៗ និងមានសភាពកាន់តែខ្លាំងក្លា។ ទន្ទឹមនឹងនោះ លោកក៏សង្ឃឹមថាបញ្ហានេះអាចនឹងដោះស្រាយចេញ ហើយអាចនឹងធូរស្រាលឡើងវិញ។
ប្រមុខការទូតអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា រដ្ឋាភិបាលរបស់ខ្លួនត្រៀមពង្រឹងប្រព័ន្ធទូរគមនាគមន៍ និងការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីលើកកម្ពស់សន្តិភាព និងបញ្ចប់ជម្លោះ៕
ប្រភព៖ ស៊ីនហួ និងប្រភពដទៃទៀត
