
ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំឲ្យអ៊ុយក្រែនចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធជាមួយដ្រូនអ៊ីរ៉ង់ប្រភេទ Shahed ដែលកំពុងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនិងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា។ នេះបើតាមការទម្លាយរបស់ប្រមុខរដ្ឋាភិបាលអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេលេនស្គីលើបណ្តាញសង្គម X។
ក្នុងសេចក្តីរាយការណ៍របស់ BBC លោកហ្សេលេនស្គីបង្ហោះថាដៃគូរបស់អ៊ុយក្រែនរួមទាំងភាគីអាមេរិកបានទាក់ទងមកស្នើសុំឲ្យទីក្រុងកៀវជួយបណ្តាប្រទេសឈូងសមុទ្រទប់ទល់ការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។

មូលហេតុដែលអាមេរិកសុំជំនួយបែបនេះគឺដោយសារអ៊ុយក្រែនមានបទពិសោធន៍ជាក់ស្តែងជាង៤ឆ្នាំមកហើយក្នុងការតទល់ជាមួយដ្រូនអ៊ីរ៉ង់ដែលរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាម។ ដូចនេះអ្នកជំនាញអ៊ុយក្រែនមានទាំងបច្ចេកទេសនិងយុទ្ធសាស្ត្រច្បាស់ក្នុងការស្ទាក់ចាប់និងបាញ់កម្ទេចដ្រូនទាំងនេះ។
ទន្ទឹមនោះនៅពេលត្រូវបានសួរអំពីសំណើរបស់អ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំក៏ឆ្លើយថា៖«ខ្ញុំនឹងទទួលយកជំនួយឲ្យតែប្រទេសណាចង់ជួយ»។
មុននេះមួយថ្ងៃលោកហ្សេលេនស្គីក៏អះអាងរួចហើយថាអ៊ុយក្រែនកំពុងបញ្ជូនក្រុមជំនាញការផ្នែកយោធាទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីផ្តល់ប្រឹក្សានិងរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់អ៊ីរ៉ង់។
តាមរយៈសារបង្ហោះសារលើបណ្តាញសង្គម X លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិនិងការពារជាតិអ៊ុយក្រែន ឲ្យបង្ហាញជម្រើសនានាសម្រាប់ជួយដល់បណ្តាប្រទេសដែលពាក់ព័ន្ធ។
