ខេត្តស្វាយរៀង៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិស្ត្រី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៥មីនា។

លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។

ក្នុងឱកាសនេះ មានការចែកកាដូអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលជានារី ដែលបានធ្វើឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

លោក ឈឹម បុរស បានអោយដឹងថា៖ “ការប្រារព្ធទិវាអន្តរជាតិស្ត្រី ៨មីនា គឺដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលរបស់ស្ត្រីលើគ្រប់វិស័យ ឆ្លុះបញ្ចាំងលើបទពិសោធន៍ បញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងកំណត់ទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។”

លោកបន្តថា៖ “ប្រធានបទ ‘សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ’ ក្នុងឆ្នាំនេះ រំលេចពីសារៈសំខាន់នៃសន្តិភាពសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការរួមចំណែកសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព។”

ពិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជាចំពោះសិទ្ធិស្ត្រី និងការលើកស្ទួយស្ថានភាពស្ត្រីក្នុងសង្គម ដោយផ្តោតលើសន្តិភាព សន្តិសុខ និងសមភាពយេនឌ័រ។



