ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពធាតុអាកាសដែលនឹងប៉ះពាល់ដល់ប្រទេសកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ។

ស្ថានភាពនេះកើតឡើងដោយសាររបបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពធាតុអាកាសតាមតំបន់៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងរៀបចំខ្លួនសម្រាប់ការប្រែប្រួលធាតុអាកាសនាពេលខាងមុខនេះ។
