ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចេញសេចក្តីជូនដំណឹងឱ្យអាជីវករដែលលក់ដូរលើចំណីផ្លូវជុំវិញផ្សារលើ រុះរើតូបចេញក្នុងរយៈពេល៧ថ្ងៃ ដោយកំណត់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាកំណត់ចុងក្រោយ។

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ សុលីម អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររួមជាមួយកងកម្លាំងនគរបាលចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់ដូរជុំវិញផ្សារលើ និងនៅចំណុចផ្លូវបំបែកក្រោយផ្សារលើក្នុងភូមិត្រពាំងបី។

លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានពន្យល់ថា៖ “ការរៀបចំនេះមិនមែនចំពោះតែទីតាំងផ្សារលើនោះទេ គឺអាជ្ញាធរយើងបានចុះរៀបចំសណ្តាប់ធ្នាប់ទូទៅក្នុងក្រុងកំពង់ឆ្នាំង និងលើកំណាត់ផ្លូវជាតិលេខ៥មួយចំនួនរួចរាល់ហើយ។”
អាជ្ញាធរបានកំណត់គោលការណ៍សំខាន់ៗដូចខាងក្រោម៖
- អាជីវករដែលមានតូបលក់ដូរនៅក្នុងផ្សារលើ ត្រូវចូលទៅលក់នៅកន្លែងដើមវិញ
- អាជីវករដែលមិនទាន់មានតូបលក់ដូរនៅក្នុងផ្សារ ត្រូវទំនាក់ទំនងជាមួយគណៈកម្មការផ្សារជាបន្ទាន់
- ត្រូវធ្វើការរុះរើតូបសំយ៉ាប និងដកឆត្រយកចេញនូវសម្ភារៈផ្សេងៗដែលដាក់លើចំណីផ្លូវសាធារណៈ

លោកអភិបាលក្រុងបានបន្ថែមថា៖ “យើងសម្អាតផ្ទះយើងឱ្យស្អាត ដើម្បីទាក់ទាញការវិនិយោគ ទាញភ្ញៀវទេសចរណ៍ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ។”

អាជ្ញាធរបានដាស់តឿនថា បើអាជីវករណាមិនរុះរើតូបចេញទេ សមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល ហើយប្រសិនបើមានការខូចខាតនោះមិនទទួលខុសត្រូវឡើយ។

ការលក់ដូរលើផ្លូវសាធារណៈបានបង្កឱ្យមានភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់ ស្ទះចរាចរណ៍ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ។

អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការស្ដាប់តាមការណែនាំ ដោយជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។


