ទោះបីជាកំពុងតែប្រឈមនឹងសង្គ្រាមជាមួយរុស្ស៊ីក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា ប្រទេសរបស់លោកកំពុងបញ្ជូនក្រុមជំនាញយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ប្រឹក្សានិងជួយរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលនិងដ្រូនពីសំណាក់អ៊ីរ៉ង់។

លោកហ្សេលេនស្គីបានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី៤ មីនា ដោយបញ្ជាក់ថា លោកបានប្រើរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីរៀបចំជម្រើសជំនួយដល់ប្រទេសដែលពាក់ព័ន្ធ។
«ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលជាង៨០០គ្រាប់ និងដ្រូនជាង១,៤០០គ្រឿង។ ដ្រូននិងមីស៊ីលទាំងនេះជាការគំរាមកំហែងចម្បងដល់នាវាចរណ៍សេរី ធ្វើឲ្យតម្លៃប្រេងនិងហ្គាសលើពិភពលោកបាត់បង់ស្ថិរភាព» លោកបានអះអាង។

លោកកំពុងពិភាក្សាជាមួយដៃគូនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបានសន្ទនាជាមួយមេដឹកនាំប្រទេសជិតខាងអ៊ីរ៉ង់ដូចជា អារ៉ាប់រួម កាតា ហ្សកដានី និងបារ៉ែន។ ការពិភាក្សាជាមួយគុយវ៉ែតនិងប្រទេសផ្សេងទៀតក៏កំពុងត្រូវរៀបចំផងដែរ។
យោងតាមស្ថិតិ ចាប់ពីថ្ងៃទី២៨ កុម្ភៈ ដល់ទី៥ មីនា អ៊ីរ៉ង់បានបាញ់មីស៊ីលជាង៨០០គ្រាប់ក្នុងសង្គ្រាមជាមួយអាមេរិក-អ៊ីស្រាអែល រួមមានមីស៊ីលបាលីស្ទីកនិងមីស៊ីលគ្រូស។ ចំណែកដ្រូនវិញ អ៊ីរ៉ង់បានបាញ់បង្ហោះជាង១,៤០០គ្រឿង ភាគច្រើនជាប្រភេទ Shahed-131 និង Shahed-136 ដែលត្រូវគេស្គាល់ថា «ដ្រូនកាមីកាសេ»។
