
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការងារយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

សម្តេច ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានធ្វើការបញ្ជាក់នេះក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងតែងតែផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់តួនាទីរបស់ស្ត្រី តាមរយៈការតែងតាំងមុខតំណែងដឹកនាំ និងការដំឡើងឋាន្តរស័ក្តិស្របតាមសមត្ថភាព។

“យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងត្រូវបានដាក់ចេញ ដើម្បីធានានូវកាលានុវត្តភាពស្មើៗគ្នា ក្នុងការចូលរួមសម្រេចចិត្តលើវិស័យធនធានទឹក និងឧតុនិយម” លោករដ្ឋមន្ត្រីបានបញ្ជាក់។

សម្តេច ម៉ែន សំអន បានចូលរួមអបអរសាទរជូនលោកស្រី លៀង យុគ ថោជេដ្ឋា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងធនធានទឹក និងឧតុនិយម។

សម្តេចបានជំរុញឱ្យគណៈកម្មការសាខាសមាគមនារីក្រសួង ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ និងការបែងចែកតួនាទីភារកិច្ច។

ប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅក្នុងឆ្នាំនេះធ្វើឡើងក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ។

សម្តេចបានសង្កត់ធ្ងន់ថា ការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។

ពិធីនេះក៏អំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ។
ដោយ៖ សំរិត
