ភ្នំពេញ៖ លោក Travis Johnson Christian នាយកប្រតិបត្តិអង្គការ People for Care and Learning (PCL) បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ដោយចាត់ទុកសកម្មភាពនេះថាមិនអាចទទួលយកបាន និងសន្យាថានឹងព្យាយាមបង្ហាញការពិតនេះទៅកាន់ពិភពលោក។

ក្នុងជំនួបជាមួយលោក កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភាកម្ពុជា នៅថ្ងៃទី៤ ខែមីនា លោក Travis បានលើកឡើងថា៖ «វាជារឿងរំជួលចិត្តជាទីបំផុតដែលមនុស្សរាប់ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារអំពើឈ្លានពានពីថៃនេះ។»

លោកបានបន្តថា៖ «ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ វាជារឿងសោកស្តាយបំផុតដែលថៃបានរំលោភបំពានអធិបតេយ្យកម្ពុជា បង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់បោះបង់ចោលផ្ទះសម្បែង និងភូមិឋាន។» លោកបានបញ្ជាក់បន្ថែមថា លោកនឹងផ្សព្វផ្សាយការពិតនៃរំលោភបំពាននេះទៅកាន់ពិភពលោកឱ្យបានដឹងច្បាស់។

ចំណែកលោក កែប ជុតិមា បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់គណៈប្រតិភូអង្គការ PCL ដែលបានស្វែងយល់ការពិតនៃការរងទុក្ខរបស់ប្រជាជនកម្ពុជាពីការឈ្លានពានរបស់ថៃ។ លោកក៏បានប្រាប់ទៅលោក Travis ផងដែរថា បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែបន្តសកម្មភាពមិនស្មោះត្រង់ តាមរយៈការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនតាមច្បាប់អន្តរជាតិ និងមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។» លោកបានបញ្ជាក់ថាសន្តិភាពនៅតែជាគុណតម្លៃស្នូល ហើយកម្ពុជាអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់។
អង្គការ PCL ជាអង្គការមនុស្សធម៌អន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក និងបានបំពេញបេសកកម្មជួយកុមារកំព្រា និងវិស័យអប់រំនៅកម្ពុជាតាំងពីឆ្នាំ២០០០។
