រីករាយជាមួយដំណឹងល្អ! កូនផ្សោតទន្លេមេគង្គទី២ កើតថ្មីនៅអន្លង់កាំពី ក្រចេះ

រីករាយជាមួយដំណឹងល្អ! កូនផ្សោតទន្លេមេគង្គទី២ កើតថ្មីនៅអន្លង់កាំពី ក្រចេះ

រាជធានីភ្នំពេញ៖ ដំណឹងរីករាយបានមកដល់ពីខេត្តក្រចេះ នៅពេលដែលកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅអន្លង់កាំពី ក្នុងខែមីនា ឆ្នាំ២០២៦។

កូនផ្សោតទន្លេមេគង្គ

កូនផ្សោតដែលមានអាយុប្រមាណ ២ថ្ងៃនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩:៥០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ។

ការរកឃើញនេះកើតឡើងនៅត្រង់ចំណុចអន្លង់អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្រុមស្រាវជ្រាវផ្សោត

ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទបានបញ្ជាក់ថា កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល រួមជាមួយផ្សោតពេញវ័យលេខ៨១។

នេះជាកូនផ្សោតកើតថ្មីទី២នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ត្រូវបានអង្កេត និងថតរូបកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។

អន្លង់កាំពី

តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់១១៤ក្បាល។ ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណាគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់

administrator

Related Articles