ភ្នំពេញ៖ ប្រទេសចិនបានកំណត់គោលដៅបង្កើនការវិនិយោគសរុបលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ក្នុងសង្គមទាំងមូលឱ្យកើនឡើងជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ ក្នុងអំឡុងពេលអនុវត្តផែនការប្រាំឆ្នាំទី១៥ (២០២៦-២០៣០)។

សេចក្តីព្រាងផែនការប្រាំឆ្នាំទី១៥ ដែលត្រូវបានដាក់ជូនសភាតំណាងរាស្ត្រចិនសម្រាប់ការពិនិត្យពិភាក្សានៅថ្ងៃទី៥ ខែមីនា បានលើកឡើងពីគោលដៅយុទ្ធសាស្ត្រនេះ ដែលស្របនឹងផែនការធ្វើឱ្យចិនក្លាយជាមហាអំណាចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្នាំ២០៣៥។
លោក យិន ហឺជូន រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានបញ្ជាក់ថា៖ “នៅឆ្នាំ២០២៥ ការវិនិយោគសរុបលើ R&D របស់ចិនបានលើសពី ៣,៩២ ទ្រីលានយាន់ (ប្រហែល ៥៥០ ពាន់លានដុល្លារ)។ ការវិនិយោគលើការស្រាវជ្រាវជាមូលដ្ឋានមានចំនួនជិត ២៨០ ប៊ីលានយាន់ ស្មើនឹង ៧,០៨% នៃទំហំសរុប ដែលបានបង្កើតកំណត់ត្រាថ្មី។”
បច្ចុប្បន្ន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិនកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយសូចនាករនវានុវត្តន៍ឈរនៅលំដាប់ទី១០ នៅទូទាំងពិភពលោក។ តំណាងសភាជាច្រើនរូបបានអះអាងថា ជាមួយនឹងការសម្រេចបាននូវគោលដៅវិនិយោគនេះ ចិននឹងអាចពង្រឹងមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាបន្តបន្ទាប់។
ផែនការប្រាំឆ្នាំទី១៥ របស់ចិនក៏ផ្តោតលើការអភិវឌ្ឍន៍បច្ចេកវិទ្យាសំខាន់ៗដូចជា បច្ចេកវិទ្យាស្ថានីយអវកាស បច្ចេកវិទ្យាជីវវេជ្ជសាស្ត្រ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាថាមពលថ្មីៗ។
ប្រភព៖ CCFR
