វ៉ាស៊ីនតោន – រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌានាំចូលប្រេងពីរុស្ស៊ីរយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារថាមពលសកល នៅពេលដែលជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងបង្កឱ្យមានភាពតានតឹង។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាមេរិក បានចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្ននៅថ្ងៃព្រហស្បតិ៍ទី៥មីនា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌានាំចូលប្រេងរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រ។ ការអនុញ្ញាតនេះនឹងផុតកំណត់នៅថ្ងៃទី៤មេសា។
លោក ស្កុតថ៍ បេសិនថ៍ រដ្ឋមន្ត្រីក្រសួងរតនាគារបានបញ្ជាក់ថា៖ «ការលើកលែងបណ្តោះអាសន្ននេះមានគោលបំណងធានាឱ្យប្រេងបន្តហូរចូលទីផ្សារពិភពលោក ដោយមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំដល់រុស្ស៊ី»។

ការអនុញ្ញាតនេះអនុវត្តតែចំពោះប្រេងរុស្ស៊ីដែលត្រូវបានដាក់ផ្ទុកលើនាវាមុនថ្ងៃទី៥មីនា ហើយត្រូវដឹកជញ្ជូនទៅឥណ្ឌាតែប៉ុណ្ណោះ។ នេះគឺជាវិធានការបណ្តោះអាសន្នដើម្បីទប់ស្កាត់ភាពចលាចលក្នុងទីផ្សារថាមពល ដែលកំពុងរងផលប៉ះពាល់ពីជម្លោះរវាងអ៊ីស្រាអែល-អាមេរិក និងអ៊ីរ៉ង់។
អាមេរិកក៏បានរំពឹងថា ឥណ្ឌានឹងបង្កើនការទិញប្រេងពីអាមេរិកបន្តិចម្តងៗ បន្ទាប់ពីការទូទាត់ពន្ធនាំចូលត្រូវបានបញ្ចុះពី៥០% មកត្រឹម១៨% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី។

ការសម្រេចចិត្តនេះមកពីការបិទច្រកហ័រមូហ្សដ៏សំខាន់ក្នុងតំបន់ ដែលបង្កឱ្យមានការខ្វះខាតប្រេងនៅលើពិភពលោក។ អាជ្ញាធរអាមេរិកជឿថា វិធានការបណ្តោះអាសន្ននេះនឹងជួយស្ថាបនាស្ថិរភាពទីផ្សារថាមពល ខណៈដែលមិនផ្តល់ជំនួយហិរញ្ញវត្ថុសំខាន់ដល់រុស្ស៊ី។
