ខេត្តកំពង់ឆ្នាំង – ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានសម្រេចផ្អាកការងារជាបណ្ដោះអាសន្នចំពោះលោកព្រិន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងស្នាយស្ដីទី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។

ការសម្រេចចិត្តនេះកើតឡើងក្រោយពលរដ្ឋម្នាក់បានប្តឹងថា មន្ត្រីនគរបាលរូបនេះបានប្រើហិង្សាលើគាត់កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ ជនរងគ្រោះឈ្មោះ អៀង សុភ័ក្រ្ត (ហៅ យ៉ត) មានទីលំនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំបណ្ដូងស្នាយ ស្រុករលាប្អៀរ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចាត់មន្ត្រីជំនាញពាក់ព័ន្ធពិនិត្យស្រាវជ្រាវ និងមានចំណាត់ការភ្លាមៗក្រោយទទួលបានព័ត៌មានពាក់ព័ន្ធករណីនេះ។

លោកឧត្តមសេនីយ៍ស្នងការបានប្រគល់ភារកិច្ចជូននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតលើបណ្ដឹងរបស់ជនរងគ្រោះយ៉ាងហ្មត់ចត់។ ការស៊ើបអង្កេតនេះគឺដើម្បីធានានូវភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងការដោះស្រាយបញ្ហា។
ការផ្អាកការងារបណ្ដោះអាសន្ននេះគឺជាវិធានការបណ្ដោះអាសន្ន ដើម្បីធានាថា ការស៊ើបអង្កេតនឹងដំណើរការដោយគ្មានឥទ្ធិពល និងធានានូវសិទ្ធិរបស់ភាគីទាំងពីរ។
ដោយ៖ សិលា
