សង្គ្រាមអាមេរិក-អ៊ីរ៉ង់៖ ចំណាយ ៣.៧ពាន់លានដុល្លារក្នុង១០០ម៉ោងដំបូង

សង្គ្រាមអាមេរិក-អ៊ីរ៉ង់៖ ចំណាយ ៣.៧ពាន់លានដុល្លារក្នុង១០០ម៉ោងដំបូង

សង្គ្រាមអាមេរិក-អ៊ីរ៉ង់

ជិតមួយសប្តាហ៍ហើយ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារប្រទេសអ៊ីរ៉ង់ បណ្តាលឱ្យមានភ្លើងសង្គ្រាមឆាបឆេះសន្ធោសន្ធៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ក្នុងប្រតិបត្តិការ «Epic Fury» អាមេរិកបានចំណាយថវិកាយោធាយ៉ាងច្រើន ដោយប្រើប្រាស់យុទ្ធឧបករណ៍ច្រើនប្រភេទ ប៉ុន្តែយុទ្ធឧបករណ៍ទាំងនោះក៏ត្រូវខ្ទេចខ្ទីផងដែរដោយសារការសងសឹករបស់អ៊ីរ៉ង់។

ប្រតិបត្តិការយោធា

យោងតាមទិន្នន័យរបស់ស្ថាប័នសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ដែលចេញផ្សាយកាលពីថ្ងៃទី៥ មីនា ២០២៦ បានបង្ហាញថា ក្នុងរយៈពេល១០០ម៉ោងដំបូងនៃសង្គ្រាមជាមួយអ៊ីរ៉ង់ អាមេរិកបានចំណាយអស់ប្រហែល ៣.៧ពាន់លានដុល្លារ។

ក្នុងចំនួននោះ មានតែ១៧៨លានដុល្លារប៉ុណ្ណោះដែលស្ថិតក្នុងកញ្ចប់ថវិកាគ្រោងទុក រីឯ ៣.៥ពាន់លានដុល្លារទៀត គឺជាការចំណាយក្រៅគម្រោង ដែលទាមទារឱ្យមានការអនុម័តថវិកាបន្ថែមពីសភា។

របាយការណ៍របស់ CSIS បង្ហាញថា អាមេរិកចាយច្រើនបំផុតលើគ្រាប់រំសេវ ប្រហែល ៣.១ពាន់លានដុល្លារ ខណៈប្រហែល ១៩៦លានដុល្លារ គឺត្រូវចំណាយសម្រាប់ការហោះហើរយន្តហោះចម្បាំង ការចល័តនាវាដឹកយន្តហោះ និងប្រាក់ឧបត្ថម្ភកងទ័ព។

ទន្ទឹមនោះ ប្រាក់ប្រហែល ៣៥៩លានដុល្លារ ត្រូវចំណាយសម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការវាយប្រហារ និងការបាត់បង់យុទ្ធឧបករណ៍មួយចំនួន។

ជាអ្វីដែលគួរឱ្យកត់សម្គាល់ អាមេរិកបានប្រើគ្រាប់ថ្លៃបំផុតក្នុងសង្គ្រាមនេះ ដូចជាមីស៊ីល Tomahawk (TLAM) ចំនួន១៦៨គ្រាប់ ដែលមួយគ្រាប់មានតម្លៃ ៣.៦លានដុល្លារ និងមីស៊ីល SM-3 សម្រាប់ការពារដែនអាកាស មានតម្លៃ២៥លានដុល្លារក្នុងមួយគ្រាប់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles