ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រជាសាធារណៈចំពោះការបះបោររបស់ក្រុមឃឺដនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយពីខាងក្នុង។

លោកត្រាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ទី៥មីនា ថា៖ «ខ្ញុំគិតថា វាជារឿងអស្ចារ្យដែលពួកគេចង់ធ្វើបែបនេះ ខ្ញុំគាំទ្រពេញទំហឹង»។ ទោះបីជាសេតវិមានបានបញ្ជាក់ពីការពិភាក្សារវាងលោកត្រាំ និងមេដឹកនាំឃឺដនៅអ៊ីរ៉ាក់ក៏ដោយ ក៏មន្ត្រីអាមេរិកបានបដិសេធថា មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយសម្រាប់ការងើបបះបោរប្រដាប់អាវុធនោះទេ។
មេដឹកនាំក្រុមប្រឆាំងឃឺដដ៏លេចធ្លោ លោក Mustafa Hijri បានអំពាវនាវឲ្យទាហានអ៊ីរ៉ង់ និងកងឆ្មាំបដិវត្តន៍ (IRGC) បោះបង់ចោលបន្ទាយ និងឈប់បំពេញភារកិច្ចដើម្បីវិលត្រឡប់ទៅរកគ្រួសារវិញ។
យ៉ាងណាមិញ បើទោះបីជាមានការវាយប្រហារតាមអាកាសរាប់ពាន់លើកពីសំណាក់អាមេរិក និងអ៊ីស្រាអែលក៏ដោយ ក៏គេមិនទាន់ឃើញមានការបះបោរ ឬការរត់ចោលជួរទ្រង់ទ្រាយធំណាមួយពីសំណាក់កងទ័ពអ៊ីរ៉ង់នៅឡើយទេ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
អ្នករិះគន់បានព្រមានថា ការជំរុញឲ្យមានជម្លោះជាតិសាសន៍អាចបង្កឲ្យមានសង្គ្រាមស៊ីវិល និងធ្វើឲ្យតំបន់ទាំងមូលកាន់តែវឹកវរ។
ជាការឆ្លើយតបភ្លាមៗចំពោះការគំរាមកំហែងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនលើទីស្នាក់ការរបស់ក្រុមឃឺដនៅក្នុងប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលតំបន់ Kurdistan (KRG) ក្នុងប្រទេសអ៊ីរ៉ាក់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ប៉ុន្តែក៏បានបដិសេធដាច់អហង្ការចំពោះការចូលរួមក្នុងយុទ្ធនាការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ដោយអះអាងថា ខ្លួនចង់បានតែសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះ។
