ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ទៅកាន់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងទាំងអស់នៅទូទាំងប្រទេស ដើម្បីអនុវត្តតាមស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកទុកប្រេងឥន្ធនៈ។

ការអំពាវនាវនេះមានគោលបំណងធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងគ្រប់គ្រងហានិភ័យដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈដោយមិនគោរពតាមស្តង់ដាបច្ចេកទេស។ ក្រសួងបានលើកឡើងថា ការសម្រុកទិញប្រេងស្តុកទុកលើសពីតម្រូវការអាចបង្កគ្រោះថ្នាក់ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យម្ចាស់ស្ថានីយប្រេងទាំងអស់បន្តអនុវត្តតាមស្តង់ដា និងក្រមប្រតិបត្តិដែលបានកំណត់ ដើម្បីធានាការគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ និងជៀសវាងការទិញស្តុកទុកលើស។
មន្ត្រីជំនាញពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រួមជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលតាមរាជធានី-ខេត្ត កំពុងបន្តចុះត្រួតពិនិត្យ និងតាមដានសកម្មភាពលក់ប្រេងឥន្ធនៈជាប្រចាំ។ ការត្រួតពិនិត្យនេះធ្វើឡើងដើម្បីធានាថាការលក់អនុវត្តតាមស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងខុសប្រក្រតី។
ក្រសួងបានបញ្ជាក់ថា ការស្តុកប្រេងឥន្ធនៈដោយមិនគោរពតាមស្តង់ដាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់សន្តិសុខសាធារណៈ។ ដូច្នេះ ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ។
