រដ្ឋាភិបាលចិនបានចេញសំណើសុំឱ្យក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុកផ្អាកការចុះហត្ថលេខាលើកិច្ចសន្យានាំចេញប្រេងថ្មី និងព្យាយាមលុបចោលការនាំចេញដែលបានរៀបចំរួចហើយ។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦។

ការជំរុញរបស់រដ្ឋាភិបាលចិនកើតឡើងនៅពេលដែលការផ្គត់ផ្គង់ប្រេងសកលកំពុងធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ដោយសារជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការបិទច្រកសមុទ្រហ័រមូហ្ស។ ច្រកសមុទ្រនេះរួមចំណែកប្រមាណ២០%នៃតម្រូវការប្រេងសកលប្រចាំថ្ងៃ។
មជ្ឈិមបូព៌ាគឺជាប្រភពផ្គត់ផ្គង់ប្រេងសំខាន់សម្រាប់ចិន ដោយចិននាំចូលប្រេងចន្លោះពី៤៥-៥០%តាមរយៈច្រកហ័រមូហ្ស។ ប្រភពព័ត៌មានបានបញ្ជាក់ថា ការណែនាំរបស់ចិនមិនអនុវត្តចំពោះប្រេងឥន្ធនៈយន្តហោះសម្រាប់ជើងហោះហើរអន្តរជាតិ ឬការផ្គត់ផ្គង់ប្រេងទៅកាន់ហុងកុង និងម៉ាកាវទេ។
ជាប្រទេសនាំចេញប្រេងឥន្ធនៈចម្រាញ់រួចធំជាងគេទី១នៅអាស៊ី ការកាត់បន្ថយការនាំចេញរបស់ចិនរំពឹងថានឹងប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅទូទាំងទ្វីបអាស៊ី ខណៈតម្លៃប្រេងចម្រាញ់រួចបានកើនឡើងខ្ពស់។
សម្រាប់ខែមីនា ការនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះនឹងមិនមានការប្រែប្រួលច្រើន ដោយរក្សាបានបរិមាណប្រមាណ៣,៨លានតោន។ ក្រុមហ៊ុនចិនកំពុងទាញយកប្រាក់ចំណេញច្រើនពីការនាំចេញប្រេងចម្រាញ់នៅអាស៊ី។
ទិន្នន័យពីក្រុមហ៊ុនផ្សារហ៊ុនឡុងដ៍បង្ហាញថា អត្រាប្រាក់ចំណេញពីការចម្រាញ់ប្រេងម៉ាស៊ូតបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣ឆ្នាំ នៅប្រហែល៤៩ដុល្លារក្នុងមួយបារ៉ែល។ ចិនដែលជាប្រទេសនាំចូលប្រេងធំជាងគេបំផុតលើពិភពលោក គ្រប់គ្រងការនាំចេញប្រេងឥន្ធនៈតាមរយៈប្រព័ន្ធកូតា។ សម្រាប់ឆ្នាំ២០២៦ រដ្ឋាភិបាលបានចេញកូតានាំចេញប្រហែល១៩លានតោន។
