រាជធានីភ្នំពេញ៖ សមត្ថកិច្ចកំពុងស៊ើបអង្កេតឃាតកម្មដ៏សាហាវមួយ ដែលអាជីវករជនជាតិចិនម្នាក់ត្រូវបានឃាតករដែលគេសង្ស័យថាជាអ្នកស្គាល់គ្នាចាក់សម្លាប់ជាច្រើនកាំបិត រួចញាត់ចូលក្នុងធុងជ័រហើយគេចខ្លួនបាត់។

ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះវិឡា លេខ៣១ ផ្លូវលេខ១៤ ក្នុងបុរីមួយ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ Zhang Zhenjiang ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន មុខរបរអាជីវករ។ តាមព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះរូបនោះត្រូវបានឃាតករដែលគេអះអាងថាជាជនជាតិចិនដូចគ្នា រួមនិងស្ត្រីម្នាក់ បានចូលទៅក្នុងផ្ទះរួចចាក់សម្លាប់ជាច្រើនកាំបិត រួចយកសពញាត់ចូលនៅក្នុងធុងជ័រ ខណៈពេលដែលស្ត្រីជាប្រពន្ធបានធ្វើដំណើរទៅប្រទេសចិន។

បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ឃាតករក៏បានឡើងជិះរថយន្តតាក់ស៊ីគេចខ្លួនបាត់។ តាមព័ត៌មានបានឱ្យដឹងទៀតថា នៅវេលាព្រឹកថ្ងៃកើតហេតុ មានបុគ្គលិកអនាម័យម្នាក់បានមកធ្វើការ ស្រាប់តែប្រទះឃើញមានធុងជ័រមួយនៅក្នុងឃ្លុបជណ្ដើរក៏បានទំនាក់ទំនងទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះត្រូវបានឃាតករសម្លាប់ញាត់ចូលក្នុងធុងជ័រ។
តាមព័ត៌មានបានឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ អ្នកជិតខាងបានឮសូរសំឡេងជនរងគ្រោះឈ្លោះប្រកែកគ្នា។ លុះក្រោយមកគេឃើញបុរសជនជាតិចិនម្នាក់និងស្ត្រីម្នាក់បានឡើងជិះរថយន្តតាក់ស៊ីទៅបាត់។ លុះព្រឹកថ្ងៃទី៤ខែមីនា ក៏មានការភ្ញាក់ផ្អើលប្រទះឃើញសពជនរងគ្រោះត្រូវបានឃាតករសម្លាប់រួចញាត់ចូលនៅក្នុងធុងជ័រតែម្ដង។

សពត្រូវបានឃាតករចាក់ជាច្រើនកាំបិត។ តាមការត្រួតពិនិត្យ ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានឃាតករចាក់សម្លាប់។ បន្ទាប់ពីត្រួតពិនិត្យសពត្រូវបានសមត្ថកិច្ចបញ្ជូនមកតម្កល់នូវភាបនកដ្ឋានវត្តទឹកថ្លា ដើម្បីរង់ចាំបងប្អូន៕
