ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពអាកាសធាតុមិនធម្មតា ដែលនឹងប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ។

យោងតាមក្រសួងធនធានទឹក របបខ្យល់មូសុងឦសានដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្នុងរយៈពេលខ្លី។
សម្រាប់តំបន់វាលទំនាប រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ និងស្វាយរៀង អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីរហូតដល់ ២០%។

តំបន់ខ្ពង់រាបដូចជា កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥% ដែរ។
សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០% ដែលអាចបង្កឱ្យមានរលកសមុទ្រកម្ពស់ពី ០,៥០ ទៅ ១,០០ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្ន និងរៀបចំខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុនេះ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវ ឬធ្វើការនៅក្រៅផ្ទះ។
ដោយ៖ តារា
