សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រឹងមាំ ដោយគាំទ្រសិទ្ធិការពារខ្លួនរបស់ប្រទេសក្នុងឈូងសមុទ្រអារ៉ាប់ ក្នុងពេលអ៊ីរ៉ង់បន្តវាយប្រហារតាមរយៈមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

យោងតាម Al Jazeera កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប និងមេដឹកនាំអឺរ៉ុបផ្សេងទៀត បានជួបពិភាក្សាជាមួយមន្ត្រីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់។
ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា EU-GCC មានចែងថា៖ «ពួកយើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ដែលមិនសមហេតុផលប្រឆាំងនឹងប្រទេសក្នុងឈូងសមុទ្រ GCC ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោក។ យើងសូមអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារជាបន្ទាន់»។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ជាថ្មីថា៖ «ប្រទេសក្នុងឈូងសមុទ្រមានសិទ្ធិចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ខ្លួន ការពារទឹកដី ប្រជាពលរដ្ឋ និងអ្នកស្រុករបស់ពួកគេ»។
កិច្ចប្រជុំនេះបានកើតឡើងក្នុងពេលមានការព្រួយបារម្ភខ្លាំងឡើងពីផលវិបាកកាន់តែធំឡើងនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,២៣០ នាក់ ចាប់តាំងពីថ្ងៃសៅរ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅអឺរ៉ុបត្រូវបានទាញចូលក្នុងជម្លោះកំពុងរីករាលដាលកាន់តែខ្លាំងឡើង ដោយប្រទេសបារាំង និងចក្រភពអង់គ្លេសកាលពីថ្ងៃពុធបានប្រកាសពីផែនការបញ្ជូននាវាចម្បាំង និងសម្ភារៈយោធាផ្នែកការពារដែនអាកាសទៅកាន់ប្រទេសស៊ីប។
ប្រែសម្រួល៖ ណឺ មិនា
