រដ្ឋដាក់ចេញមន្ត្រីរាជការ ១០៣នាក់ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

រដ្ឋដាក់ចេញមន្ត្រីរាជការ ១០៣នាក់ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាបានចាប់ផ្តើមទទួលបានលទ្ធផលយ៉ាងច្បាស់លាស់ នៅពេលដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ១០៣នាក់ ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌរដ្ឋ។

កិច្ចប្រជុំប្រឆាំងគ្រឿងញៀន

ការសម្រេចចិត្តនេះបានមកពីការរកឃើញថា មន្ត្រីទាំងនោះមានផ្ទុកសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១៣១,៤៧៣នាក់។ ក្នុងចំណោមនោះ មានចំនួន ១០៤នាក់ដែលរកឃើញវិជ្ជមាន។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការបញ្ជាក់ពីការសម្រេចចិត្តនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ លោកបានថ្លែងថា នេះគឺជាការឆ្លើយតបទៅនឹងគោលការណ៍«សម្អាតផ្ទះយើង» និង«សម្អាតចកចេញពីផ្ទៃបឹង»។

កិច្ចប្រជុំអាជ្ញាធរជាតិ

គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្ននេះ ការតេស្តរកសារធាតុញៀនត្រូវបានអនុវត្តយ៉ាងទូលំទូលាយលើមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន។ ក្នុងចំណោមមន្ត្រីដែលរកឃើញមានផ្ទុកសារធាតុញៀន ចំនួន ១០៣នាក់ត្រូវបានបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ខណៈកំពុងបន្តនីតិវិធីចំនួន ១នាក់។

ការប្រជុំពិភាក្សា

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២៥កន្លងទៅមានចំនួន ១០លើករួចមកហើយ។ នៅឆ្នាំ២០២៦នេះ រដ្ឋាភិបាលបានសម្រេចបន្តដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១។

ការប្រជុំថ្នាក់ជាតិ

លោក នេត សាវឿន បានលើកឡើងថា និន្នាការនៃឧក្រិដ្ឋកម្មគ្រឿងញៀនជាសកល នៅតែបន្តប្រែប្រួលស្មុគស្មាញ និងមានកំណើនគួរឱ្យបារម្ភ។ ជាពិសេសការប្រែប្រួលទាំងរូបភាពនិងសកម្មភាពនៃការផលិត ការកែច្នៃ ការជួញដូរ និងការពង្រីកភូមិសាស្ត្រនៃការប្រើប្រាស់។

ការប្រជុំផ្សព្វផ្សាយ

គោលដៅសំខាន់នៃយុទ្ធនាការថ្មីនេះគឺដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃគ្រឿងញៀន ព្រមទាំងកសាងសង្គមដែលមានសុខុមាលភាពនិងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

កិច្ចប្រជុំពិសេស

ការសម្អាតក្របខណ្ឌរដ្ឋពីមន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានចាត់ទុកជាជំហានសំខាន់ក្នុងការជំរុញអភិបាលកិច្ច ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបង្កើតសង្គមមួយដែលមានសុវត្ថិភាព និងគ្មានគ្រឿងញៀន។

ការប្រជុំពេញបេសកកម្ម

ដោយ៖ តារា

administrator

Related Articles