សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តឆាបឆេយ៉ាងសន្ធោសន្ទៅ ខណៈវ៉ាស៊ីនតោនសន្យាបញ្ជូនកងទ័ព និងសម្ភារៈយោធាបន្ថែមទៅមជ្ឈិមបូព៌ា។

យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមិនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ចេញពីអាមេរិកឡាទីន ដោយសារតែសង្គ្រាមមួយផ្សេងទៀតកំពុងកើតមាននោះទេ។
ទីប្រឹក្សាសន្តិសុខសេតវិមាន លោក Stephen Miller បានបញ្ជាក់យ៉ាងច្បាស់ក្នុងសន្និសីទលើការប្រយុទ្ធប្រឆាំងមេក្លោងគ្រឿងញៀន «Americas Counter Cartel» ថា៖ «អាមេរិកឡាទីននឹងនៅតែជាអាទិភាពយោធាកំពូលរបស់សហរដ្ឋអាមេរិក ដោយមិនគិតពីព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាឡើយ»។

លោក Miller បន្ថែមថា៖ «យើងនឹងមិនប្រគល់ទឹកដីមួយដុំក្នុងអឌ្ឍគោលនេះទៅឱ្យសត្រូវទេ។ សហរដ្ឋអាមេរិកកំពុងប្រើប្រាស់អំណាចដ៏ខ្លាំង អំណាចយោធា កម្លាំងប្រល័យ ដើម្បីការពារមាតុភូមិសហរដ្ឋអាមេរិក»។
ចាប់តាំងពីឡើងកាន់តំណែងអាណត្តិទីពីរនេះ ប្រធានាធិបតីត្រាំបានបង្ហាញពីគម្រោងប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើតំបន់ផ្សេងៗ។ ការជំរុញរបស់លោកក្នុងការគ្រប់គ្រងបានកើតឡើងស្របគ្នាជាមួយនឹងប្រតិបត្តិការយោធាប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជននៅតំបន់អាមេរិកឡាទីន រហូតដល់ការទម្លាក់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ។
លោក Miller ជាមនុស្សសំខាន់ម្នាក់នៅពីក្រោយគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោកត្រាំ និងគាំទ្រវិធីសាស្រ្តយោធានិយមរបស់ប្រធានាធិបតី ទោះបីជាអ្នករិះគន់ព្រមានថាវាបង្កើនការព្រួយបារម្ភពីសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិក៏ដោយ។

