ខេត្តក្រចេះនឹងទទួលបានផ្លូវក្រាលកៅស៊ូថ្មីមួយប្រវែងដល់ទៅ ៨០គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅក្នុងខេត្តនេះ។

ការសាងសង់ពង្រីកផ្លូវប្រវែង ៨០គីឡូម៉ែត្រនេះ នឹងប្រពឹត្តទៅនៅពេលដ៏ខ្លីខាងមុខ តាមការបញ្ជាក់របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសម្របសម្រួលការអនុវត្តការងារសាងសង់ផ្លូវនេះ កាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ។
ផ្លូវមួយខ្សែរនេះ ជាផ្លូវក្រាលកៅស៊ូ DBST មានទទឹង ៦ម៉ែត្រ និងបណ្តោយផ្លូវប្រវែង ៨០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ។ ផ្លូវនេះនឹងកសាងឡើងដោយក្រុមហ៊ុន ខេ.ភី ស៊ីមេន ដែលជាក្រុមហ៊ុនវិនិយោគចម្រុះវិស័យ ហើយកំពុងតែសាងសង់រោងចក្រស៊ីម៉ង់ត៍មួយនៅក្នុងខេត្តក្រចេះនេះផ្ទាល់។

គម្រោងនេះជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការវិនិយោគក្នុងភូមិភាគឦសាន។
