អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី៥មីនា ថាការចរចាសន្តិភាពត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងអាមេរិក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

លោក Peskov បានពន្យល់ថា ការពន្យារពេលនេះកើតឡើងដោយសារភាពមិនប្រាកដប្រជានៃការចូលរួមរបស់សហរដ្ឋអាមេរិក ដែលកំពុងជាប់រវល់ជាមួយស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់។
«វាមិនអាចទៅរួចនោះទេ ក្នុងការនិយាយអំពីកិច្ចប្រជុំដែលអាចកើតមាននៅអាប៊ូដាប៊ីនាពេលនេះ» លោក Peskov បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ «អាមេរិកមានកិច្ចការច្រើននៅក្នុងពេលតែមួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ»។
ប្រភពការទូតរុស្ស៊ីមួយរូបបានបញ្ជាក់ទៅកាន់ NHK ថា ការចរចាជុំបន្ទាប់ដែលត្រូវបានគ្រោងនឹងធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី ត្រូវបានពន្យារពេលដោយសារស្ថានភាពនៅមជ្ឈិមបូព៌ាកំពុងក្ដៅគគុក។

ការចរចាសន្តិភាពកម្រិតខ្ពស់ត្រីភាគីនេះ ត្រូវបានធ្វើឡើងចំនួនបីដងរួចមកហើយនៅឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីបញ្ហាទឹកដី និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ការចរចាជុំទីបួនត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមខែមីនា។
ប្រភពដដែលបានបន្ថែមថា វាមិនច្បាស់ថានឹងមានអ្វីកើតឡើងបន្ទាប់នោះទេ ដោយសារស្ថានភាពអន្តរជាតិកំពុងមានភាពស្មុគស្មាញ។
