សង្គ្រាមនៅអ៊ីរ៉ង់បានឈានដល់ថ្ងៃទី៧ ដោយមានការប្រយុទ្ធកាន់តែសាហាវ និងការផ្លែផ្កាពាក្យសម្តីដាក់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយរវាងមេដឹកនាំអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយគ្មានសញ្ញាណាមួយនៃការចរចារវាងមេដឹកនាំនៃប្រទេសមានជម្លោះនេះទេ។

ឈានមកដល់ថ្ងៃទី៧នេះ ចំនួនជនស៊ីវិលបានស្លាប់ក្នុងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានកើនជាង១២៣០នាក់ ចាប់តាំងពីការវាយប្រហារតាំងពីថ្ងៃសៅរ៍ទី២៨ខែកុម្ភៈមក។
សោកនាកដកម្មធំបំផុត និងការឈឺចាប់ខ្លាំងបំផុតនៃការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ គឺការផ្លោងចំសាលារៀនរបស់សិស្សស្រីនៅតំបន់ប្រជុំជន Parand ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់សិស្សជាង១៦០នាក់។ សោកនាកដកម្មនេះកំពុងរងសម្ពាធឲ្យមានការស៊ើបអង្កើតជាបន្ទាន់ និងឯករាជ្យពីសំណាក់អង្គការសហប្រជាជាតិ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃទី៥ខែកុម្ភៈមុនឈានចូលថ្ងៃទី៧នៃការប្រយុទ្ធដ៏សាហាវថា៖ “ការកម្ទេចអ៊ីរ៉ង់ធ្វើបានមុនការគ្រោងទុកទៅទៀតហើយ ត្រឹមកម្រិតប្រជាជនមិនដែលបានឃើញទេក្នុងពេលកន្លងមក។” លោកត្រាំបានអះអាងថា ប្រទេសអ៊ីរ៉ង់លែងមានទ័ពអាកាស ការពារដែនអាកាស ហើយទ័ពអាកាសចប់អស់ហើយ។

ជាការឆ្លើយតប លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់នៃប្រទេសអ៊ីរ៉ង់ លោក Ali Larijani បានលើកឡើងថា៖ “កម្លាំងរបស់អ៊ីរ៉ង់រង់ចាំការឈ្លានពានផ្លូវគោករបស់អាមេរិក ហើយត្រៀមខ្លួនរួចរាល់ ដើម្បីបំបាក់មុខមន្ត្រីអាមេរិកពុករលួយទាំងអស់នោះដោយសម្លាប់ និងចាប់ឲ្យបានរាប់ពាន់នាក់។”
ប្រទេសអ៊ីរ៉ង់បន្តដាក់គោលដៅវាយប្រហារប្រទេសនៅតំបន់ឈួងសមុទ្រ រាប់ចាប់តាំងពីអារ៉ាប់រួម ដល់ប្រទេសកាតា និងបារ៉ែន ខណៈទីក្រុងតែលអាវីវរបស់អ៊ីស្រាអែល រងការវាយប្រហារទាំងមីស៊ីល និងដ្រូននៅយប់ថ្ងៃព្រហស្បតិ៍។
