ត្រាំអះអាង៖ កងទ័ពអ៊ីរ៉ង់រលាយសូន្យ នាវាទាំងអស់លិចបាតសមុទ្រ

ត្រាំអះអាង៖ កងទ័ពអ៊ីរ៉ង់រលាយសូន្យ នាវាទាំងអស់លិចបាតសមុទ្រ

ក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីថ្ងៃសុក្រទី៦ខែមីនាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរអំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ថាដំណើរការយ៉ាងណាហើយ ស្រាប់តែពេលនោះលោកបញ្ជាក់ថា៖ «កងទ័ពអាមេរិកកំពុងធ្វើបានយ៉ាងអស្ចារ្យបំផុត! កងទ័ពអ៊ីរ៉ង់រលាយសាបសូន្យអស់ហើយ រីឯនាវារបស់ពួកគេក៏ខ្ទេចអស់ដែរ»។

ដូណាល់ ត្រាំ

តាមកាផ្សាយរបស់ BBC, លោកនិយាយថា៖ «កងទ័ពជើងគោកនិងជើងទឹករបស់ពួកគេត្រូវបានកម្ទេចអស់ហើយ។ ប្រព័ន្ធទំនាក់ទំនងរបស់ពួកគេក៏ត្រូវបានកាត់ផ្ដាច់អស់ដែរ។ មេដឹកនាំអ៊ីរ៉ង់ពីរជំនាន់ សុទ្ធតែស្លាប់ ឥឡូវពួកគេធ្លាក់មកដល់មេដឹកនាំជំនាន់ទីបីហើយ។ ចំណែកកងទ័ពអាកាសរបស់ពួកគេក៏ត្រូវបានកម្ទេចចោលទាំងស្រុងតែម្ដង។ ពួកគេមាននាវា៣២គ្រឿង។ ឥឡូវ លិចទៅបាតសមុទ្រអស់ហើយ»។

មុននេះ នៅក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទជាមួយទូរទស្សន៍ NBC លោកត្រាំ អះអាងរួចហើយថា អ៊ីរ៉ង់បាន បាត់បង់អ្វីៗគ្រប់យ៉ាង បន្ទាប់ពីទទួលរងសម្ពាធយោធាយ៉ាងខ្លាំង។

យ៉ាងណា លោកបានច្រានចោលការព្រមានពីជម្លោះទ្រង់ទ្រាយធំរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi ដោយហៅថាជា «សម្តីឥតប្រយោជន៍»។ លោកសង្កត់ធ្ងន់ថា លោកចង់ បោសសម្អាតអ្វីៗគ្រប់យ៉ាង ឲ្យ បានឆាប់រហ័ស ជាជាងចំណាយពេលរាប់ទសវត្សរ៍ក្នុងការកសាងប្រទេសនោះឡើងវិញ ក្រោយការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូល Ali Khamenei។

លោកត្រាំក៏បង្ហាញសញ្ញាដែរថា លោកចង់មានសិទ្ធិសម្រេចដោយផ្ទាល់ក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ដោយលោកបានលើកយកករណីនៃការផ្លាស់ប្តូរអំណាចនៅប្រទេសវ៉េណេស៊ុយអេឡាមកធ្វើជាការប្រៀបធៀប។

លោកបានបដិសេធយ៉ាងច្បាស់ចំពោះលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់មេដឹកនាំ Khamenei ដោយចាត់ទុកបុគ្គលរូបនេះថាជាអ្នកបន្តវេនដ៏ ទន់ ខ្សោយ និងបានព្រមានថា ប្រសិនបើគោលនយោបាយចាស់ៗនៅតែបន្ត នោះសង្គ្រាមនឹងកើតឡើងវិញក្នុងរយៈពេល ៥ឆ្នាំទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles