រុស្ស៊ីបានរិះគន់យ៉ាងខ្លាំងទៅលើសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានធ្វើប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ ដោយចាត់ទុកថា «មិនត្រឹមត្រូវទាល់តែសោះ»។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងកាលពីថ្ងៃសុក្រទី៦ មីនា ថា៖ «ទោះបីជាយើងបានឮការអះអាងពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ពួកគេហាក់ដូចជាកំពុងការពារខ្លួនក៏ដោយ ក៏ការពិតគឺគ្មាននរណាម្នាក់ទៅវាយប្រហារពួកគេទេ ហើយក៏គ្មាននរណាម្នាក់គំរាមកំហែងពួកគេដែរ។ អ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចចរចាជាមួយបស្ចិមប្រទេសជានិច្ច»។
លោកស្រីបន្តថា ការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ គឺមិនត្រឹមត្រូវឡើយ ដោយហេតុថា សាធារណរដ្ឋឥស្លាមមួយនេះ មិនបានបង្កការគំរាមកំហែងដល់ប្រទេសទាំងពីរទេ។

ពាក់ព័ន្ធការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសថា នេះជាទម្លាប់អ៊ីស្រាអែលដែលតែងធ្វើឃាតនយោបាយ និងតាមប្រមាញ់មេដឹកនាំនៃរដ្ឋអធិបតេយ្យ។
ទាក់ទិនរឿងរុស្ស៊ីនេះដែរ ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់ប្រភពពីមន្ត្រីអាមេរិកដែលចោទថា ទីក្រុងមូស្គូបានហុច «ផែនទីបង្ហាញផ្លូវ» នៃព័ត៌មានសម្ងាត់ឲ្យទៅអ៊ីរ៉ង់ ដើម្បីជួយកំណត់គោលដៅវាយប្រហារលើនាវាចម្បាំង និងយន្តហោះចម្បាំងអាមេរិកនៅមជ្ឈិមបូព៌ា។
ដ្បិតមន្ត្រីអាមេរិកបញ្ជាក់ពីការលេចធ្លាយព័ត៌មាននេះ សេតវិមានបានបដិសេធចំពោះផលប៉ះពាល់នៃរបាយការណ៍ ដោយអ្នកនាំពាក្យ Karoline Leavitt បានលើកឡើងយ៉ាងដាច់អហង្ការថា វាមិនអាចធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាអាមេរិកឡើយ ព្រោះ «យើងកំពុងកម្ទេចពួកគេទាំងស្រុងហើយ»។
មកទល់ពេលនេះ ក៏មិនទាន់មានប្រតិកម្មឬការឆ្លើយតបពីវិមានក្រឹមឡាំង ចំពោះរបាយការណ៍នេះដែរ៕
