ព្រលាន U-Tapao ថៃ ក្លាយជាចំណុចក្តៅ នៅពេលមានការសង្ស័យថា អាមេរិករៀបចំវាយអ៊ីរ៉ង់

ព្រលាន U-Tapao ថៃ ក្លាយជាចំណុចក្តៅ នៅពេលមានការសង្ស័យថា អាមេរិករៀបចំវាយអ៊ីរ៉ង់

នៅដើមខែមីនា ឆ្នាំ២០២៦នេះ ប្រទេសថៃបានក្លាយជាចំណុចក្តៅនៃព័ត៌មានចចាមអារ៉ាមតាមអ៊ីនធឺណិត ដោយមានការចោទប្រកាន់ថា ព្រលានយន្តហោះយោធា U-Tapao អាចត្រូវអាមេរិកប្រើជាមូលដ្ឋានសម្រាប់វាយប្រហារអ៊ីរ៉ង់។ ទោះបីជារដ្ឋាភិបាលថៃបានបដិសេធក៏ដោយ ក៏មានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យព័ត៌មាននេះនៅតែរីករាលដាលយ៉ាងខ្លាំង។

ព្រលាន U-Tapao

ទីមួយ គឺ «ជំនួបមន្ត្រីថៃជាមួយឯកអគ្គរដ្ឋទូតអាមេរិក»៖ កាលពីថ្ងៃទី៤មីនា ជំនួបរវាងឯកអគ្គរដ្ឋទូតអាមេរិក និងនាយករដ្ឋមន្ត្រីថៃ ដែលមានវត្តមានទាំងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានធ្វើឲ្យគេសង្ស័យថាមានការដោះដូរផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទឹកដីថៃសម្រាប់យោធា។

ទីពីរ គឺ «ការចៃដន្យនៃសមយុទ្ធ Cobra Gold 2026»៖ នៅពេលដែលភាពតានតឹងជាមួយអ៊ីរ៉ង់កំពុងឡើងដល់កម្រិតកំពូល កងទ័ពអាមេរិករាប់ពាន់នាក់ និងឧបករណ៍យោធារាប់រយគ្រឿង មានវត្តមានស្រាប់នៅព្រលាន U-Tapao។ ពេលដែលរូបភាពនៃការហ្វឹកហាត់ជម្លៀសជនស៊ីវិលត្រូវបានចែកចាយ គេក៏យល់ច្រឡំថាជាការត្រៀមខ្លួនសម្រាប់សង្គ្រាមពិតប្រាកដ ឬត្រៀមសម្រាប់វាយប្រហារអ៊ីរ៉ង់។

ទីបី គឺដោយសារតែ «ស្រមោលអតីតកាលនៃយន្តហោះទម្លាក់គ្រាប់បែក B-52» កាលពីសម័យសង្គ្រាមវៀតណាម។ U-Tapao ធ្លាប់ជាមូលដ្ឋានទ័ពអាកាស «ជួរមុខ» ដ៏ធំមួយរបស់អាមេរិក ហើយពាក្យចចាមអារ៉ាមណាមួយអំពីការវិលត្រឡប់របស់យោធាអាមេរិកទៅកាន់ទីនោះ បង្កឲ្យមានការព្រួយបារម្ភខ្លាំងខាងប្រវត្តិសាស្ត្រ។

ព្រលាននេះ ត្រូវបានកសាងដោយអាមេរិកក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០។ ដោយមានប្រវែងជាង ៣៥០០ម៉ែត្រ វាវែងគ្រប់គ្រាន់ និងរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់យន្តហោះដឹកប្រេងខ្នាតធំ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់។ បន្ថែមពីនេះ វាស្ថិតនៅលើឈូងសមុទ្រថៃ ដែលផ្តល់នូវ «ច្រកទ្វារ» រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។ នេះធ្វើឲ្យព្រលាន U-Tapao ក្លាយជាមជ្ឈមណ្ឌលភស្តុភារចម្បងសម្រាប់ការដឹកជញ្ជូនកងទ័ព និងសម្ភារៈផ្គត់ផ្គង់នៅទូទាំងពិភពលោក៕

administrator

Related Articles