ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលនឹងកំណត់កាតព្វកិច្ចចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជន។

សម្ដេចធិបតីបានរំពឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល១ឆ្នាំ (១ មករា ដល់ ៣១ ធ្នូ ២០២៦) នឹងទទួលលទ្ធផលល្អបន្ថែមទៀត បន្ទាប់ពីផែនការ១០លើកកន្លងទៅទទួលបានភាពជោគជ័យយ៉ាងច្រើន។

សម្ដេចបានណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្ក្រាបបទល្មើសគ្រឿងញៀន និងចៀសវាងការដោះលែងជនឧក្រិដ្ឋដោយខុសច្បាប់។ សម្ដេចបានអំពាវនាវឱ្យគ្រប់ស្ថាប័នខិតខំរួមគ្នាបន្ថែមទៀតក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន។

សម្ដេចធិបតីបានបញ្ជាក់ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញគឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត ដើម្បីការពារមុខមាត់កម្ពុជា។ សម្ដេចក៏បានអំពាវនាវដល់ទេសចរបរទេសគ្រប់ទិសទីអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា ដែលមានសុវត្ថិភាពល្អ។
សម្ដេចបានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលគឺលុបបំបាត់សេដ្ឋកិច្ចខ្មៅ និងលើកកម្ពស់សេដ្ឋកិច្ចស ដែលជាការធ្វើពាណិជ្ជកម្មស្របតាមច្បាប់។
ផែនការយុទ្ធសាស្ត្រនេះត្រូវបានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តតាមតួនាទី និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដើម្បីសម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀននាអនាគត»។
