ខេត្តបាត់ដំបង – ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងក្លាបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋចំនួន ២០ ខ្នងនៅស្រុកបាណន់ កាលពីរសៀលថ្ងៃទី៥ មីនា កន្លងមក។

យោងតាមមន្ត្រីស្រុកបាណន់ បានបញ្ជាក់ថា បាតុភូតធម្មជាតិនេះបានវាយប្រហារលើឃុំចំនួន២ គឺឃុំស្នឹង និងឃុំភ្នំសំពៅ។ នៅឃុំស្នឹង ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងត្រូវបានខូចខាត ដែលស្ថិតនៅក្នុងភូមិរំជៃ ភូមិស្នឹងកើត និងភូមិព្រះស្រែ។

ចំណែកនៅឃុំភ្នំសំពៅ ក៏បានទទួលរងគ្រោះដូចគ្នា ដោយផ្ទះចំនួន១០ខ្នងទៀតត្រូវបានខូចខាតនៅក្នុងភូមិក្រពើត្បូង ភូមិកំប៉ូវ និងភូមិភ្នំសំពៅកើត។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ផ្ទះដែលរងការខូចខាតភាគច្រើនរបើកដំបូល ហើយផ្ទះខ្លះត្រូវដើមឈើរលំសង្កត់លើ។ ជាសំណាងល្អ គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ។

នេះជាលើកទី២ហើយដែលភ្លៀងកក់ខែអមជាមួយខ្យល់កន្ត្រាក់យ៉ាងក្លាបានវាយប្រហារមកលើភូមិសាស្ត្រនានាក្នុងខេត្តបាត់ដំបង។ កាលពីថ្ងៃទី១៤ មីនា កន្លងមក ខ្យល់កន្ត្រាក់ក៏បានវាយប្រហារនៅឃុំបួរ ស្រុកភ្នំព្រឹកដែរ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានដាស់តឿនព្រមានថា អាកាសធាតុដ៏អាក្រក់នេះអាចបន្តរហូតដល់ថ្ងៃទី៦ មីនា ទើបថមថយវិញ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិនេះ។

អត្ថបទសរសេរដោយ ឆោម ពិសម័យ
កែសម្រួលដោយ ស្រីណា
