
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី ក្នុងពេលដែលសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ បានចូលដល់ថ្ងៃទី៧។

កាលពីថ្ងៃទី៥ មីនា លោកត្រាំបានថ្លែងទៅកាន់កាសែត AXIOS ដោយបដិសេធការជ្រើសតាំងលោកម៉ូសតា បាខា មេនី អាយុ៥៦ឆ្នាំ ដើម្បីជំនួសបិតាលោកដែលស្លាប់ក្នុងថ្ងៃដំបូងនៃការវាយប្រហារ។ ការលើកឡើងនេះបង្កើតសំណួរថា តើអាមេរិកនិងអ៉ីស្រាអែលចង់ផ្ដួលរំលំរដ្ឋាភិបាលអ៉ីរ៉ង់ ឬគ្រាន់តែផ្លាស់ប្ដូរនយោបាយប៉ុណ្ណោះ។
សង្គ្រាមបានពង្រីករហូតដល់ប៉ះពាល់ប្រទេស១៤ទៀតនៅមជ្ឈិមបូព៌ា និងហួសពីតំបន់នោះ។ អ៉ីរ៉ង់បានចោទប្រកាន់កងម៉ារីនអាមេរិកថា បានបាញ់ពន្លិចនាវាពិឃាត IRIS DENA ក្នុងមហាសមុទ្រឥណ្ឌា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៨៧នាក់។

បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រក៏រាយការណ៍ពីការវាយប្រហាររបស់អ៉ីរ៉ង់ដែរ។ នៅអាប៊ូដាប៊ី មនុស្ស៦នាក់រងរបួស ខណៈដែលកាតាបានជម្លៀសប្រជាជនចេញពីជិតស្ថានទូតអាមេរិក។ អារ៉ាប៊ីសាអូឌីតបានកម្ទេចដ្រូនមួយ និងបារ៉ែនបានស្ទាក់កម្ទេចមីស៊ីលអ៉ីរ៉ង់៧៥គ្រាប់ និងដ្រូន១២៤គ្រឿង។
ការវាយប្រហារលើអាហ្សែបៃហ្សង់ក៏បានកើតឡើងដែរ ដោយដ្រូនមួយគ្រឿងបានធ្លាក់ជិតព្រលានយន្តហោះ និងមួយទៀតជិតសាលារៀន បណ្ដាលឲ្យជនស៊ីវិល៤នាក់រងរបួស។ ប្រធានាធិបតីអាហ្សែបៃហ្សង់បានអះអាងថា នឹងអនុវត្តវិធានការសងសឹកវិញ។
ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងនាវាដឹកប្រេងក្នុងឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រ ORMUZ បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ដោយតំបន់នេះជាផ្លូវដឹកប្រេងឆ្លងកាត់ប្រមាណជា១ភាគ៥នៃប្រេងពិភពលោក។
