ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ថា ស្ត្រីជាកងទ័ពកម្ពុជា បានបង្ហាញវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងអំពើឈ្លានពាន។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់នៅថ្ងៃទី៦ មីនា ២០២៦ ថា ក្នុងអំឡុងជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ចំនួន២លើក កាលពីឆ្នាំ២០២៥ កងទ័ពស្ត្រីកម្ពុជា បានប្រគៀកស្មាជាមួយកងទ័ពបុរស ប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាន ក្នុងបុព្វការពារជាតិ និងប្រជាពលរដ្ឋ។

“ការលះបង់ដ៏ធំធេងរបស់ស្ត្រីកម្ពុជានេះ គឺបានបង្ហាញពីវីរភាពមិនអាចកាត់ថ្លៃបាន” នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដោយគោរពស្ត្រីជាម្ដាយ កូន និងប្រពន្ធ ដែលតែងតែជូនពរលើកទឹកចិត្តដល់សាច់ញាតិរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើឈ្លានពាន។
បច្ចុប្បន្ននេះ ស្ត្រីជាកងទ័ពកម្ពុជា ក្រៅពីបានហ្វឹកហ្វឺនសមត្ថភាពការពារជាតិនៅក្នុងប្រទេស ពួកគេក៏បានទៅពង្រឹងបន្ថែមនៅក្រៅប្រទេស មានប្រទេសជប៉ុន និងអាមេរិកជាដើម។ ជាងនេះទៀត ស្ត្រីជាច្រើនរូបបានទទួលតំណែងជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ។

កងទ័ពមួកខៀវជាស្ត្រីកម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក៏បានទៅចូលរួមថែករក្សាសន្តិភាពនៅតាមបណ្ដាប្រទេសមួយចំនួន ដែលទទួលជោគជ័យជាបន្តបន្ទាប់។

ទិវាសិទ្ធិនារី ៨មីនា ឆ្នាំនេះ មានប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ដែលស្របនឹងបរិបទជាក់ស្តែង ព្រោះស្រ្តីជាអ្នករងគ្រោះខ្លាំងជាងគេពីសង្រ្គាមឈ្លានពាន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច និងថា “ជួយស្រ្តីដូចជួយខ្លួនឯង”។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”។

ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ សិទ្ធិស្រ្តីត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដោយស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការលះបង់កម្លាំងកាយចិត្ត ជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ដោយ៖ តារា
