
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ បានប្រកាសកាលពីថ្ងៃសុក្រ (៦ មីនា) ថា សហរដ្ឋអាមេរិកកំពុងពិចារណាដកទណ្ឌកម្មចេញពីប្រេងរុស្ស៊ីបន្ថែមទៀត នៅពេលដែលទីផ្សារប្រេងសកលកំពុងជួបការរញ្ជួយដោយសារជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

ការប្រកាសនេះមកក្រោយពីអាមេរិកបានផ្តល់អាជ្ញាប័ណ្ណបណ្ដោះអាសន្នឱ្យឥណ្ឌា អនុញ្ញាតឱ្យនាំចូលប្រេងពីរុស្ស៊ីដែលជាប់គាំងលើសមុទ្ររយៈពេល ៣០ ថ្ងៃ។ លោក បេសិនថ៍ បានប្រាប់កម្មវិធី «Kudlow» របស់ Fox Business ថា៖ «យើងអាចដកទណ្ឌកម្មប្រេងរុស្ស៊ីផ្សេងទៀតចេញ»។

«មានប្រេងឆៅរាប់រយលានបារ៉ែលដែលរងទណ្ឌកម្មហើយជាប់គាំងនៅលើទឹក ហើយតាមពិតទៅ ដោយការដកទណ្ឌកម្មទាំងនោះ ក្រសួងរតនាគារអាចបង្កើតការផ្គត់ផ្គង់ ហើយយើងកំពុងពិនិត្យមើលរឿងនោះ» លោកបានបន្ថែម។

ជម្លោះនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យច្រកដឹកជញ្ជូនប្រេងសំខាន់ហ័រមូហ្ស (Hormuz) មានការរាំងស្ទះ បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងសកលតានតឹង និងធ្វើឱ្យតម្លៃប្រេងអន្តរជាតិសំខាន់ៗ ហក់ឡើងដល់ ៩០ ដុល្លារ/បារ៉ែល។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបង្ហាញការព្រួយបារម្ភអំពីការហក់ឡើងនៃតម្លៃប្រេងនៅអាមេរិក ដោយមន្រ្តីរដ្ឋបាលរបស់លោកបានប្រាប់ថា ពួកគេកំពុងខ្នះខ្នែងដោះស្រាយបញ្ហាផ្គត់ផ្គង់។

លោក បេសិនថ៍ បានពន្យល់ថា វិធានការរបស់អាមេរិកគឺ «ដើម្បីឱ្យប្រេងអាចបន្តហូរចូលទៅក្នុងទីផ្សារពិភពលោក» ហើយថា «វិធានការរយៈពេលខ្លីនេះ នឹងមិនផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុធំដុំ ដល់រដ្ឋាភិបាលរុស្ស៊ីទេ»។
