ភ្នំពេញ៖ វិស័យកម្សាន្តខ្មែរបានបើកទំព័រថ្មីយ៉ាងសំខាន់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពេលដែលក្រុមហ៊ុន Sabay Digital Group បានទិញយកភាគហ៊ុនទាំងមូលរបស់រោងភាពយន្តពីក្រុមហ៊ុន Major Cineplex Cambodia។

ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group ប្រកាសដកការវិនិយោគចេញពីកម្ពុជា។ នេះជាការសម្រេចចិត្តយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំឱ្យប្រតិបត្តិការរោងភាពយន្តទាំង៦ទីតាំង និងប៊ូលីងត្រូវបានគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង។

លោក ជី សិលា ម្ចាស់រោងភាពយន្ត Sabay បានថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការថា៖ «ថ្ងៃនេះជាថ្ងៃបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះរឹងមាំនៅកម្ពុជា»។

ជាផ្នែកនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោប៊ូលីង Blue-O នឹងត្រូវប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ Sabay ក្នុងការបង្កើតការកម្សាន្តបែបទំនើបពេញលេញ។

ពិធីបើកសម្ពោធជាផ្លូវការត្រូវបានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ដែលស្ថិតនៅជាន់ទី២ នៃផ្សារទំនើប AEON Mall ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នសារព័ត៌មាន ថ្នាក់ដឹកនាំឧស្សាហកម្ម និងអ្នកជំនាញវិស័យកម្សាន្ត។

Sabay នឹងទទួលខុសត្រូវរ៉ាប់រងទាំងស្រុងចំពោះបុគ្គលិក កន្លែងរោងភាពយន្ត សម្ភារៈ និងបច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យា IMAX Laser និង ScreenX ដែលទើបដំឡើងថ្មី។

លើសពីនេះ ទីតាំងនៅក្នុងសាលរោងភាពយន្ត Sabay នឹងត្រូវបានអភិវឌ្ឍជាថ្មីឱ្យមានបរិយាកាសងាយស្រួលសម្រាប់អតិថិជន រួមមានទីតាំងធ្វើការរួមគ្នា ហាងកាហ្វេ និងទីតាំងកម្សាន្ត។

ក្រុមហ៊ុន Sabay Digital Group ដែលបង្កើតឡើងក្នុងឆ្នាំ២០០៧ គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឈានមុខគេមួយរបស់កម្ពុជា ដែលមានប្រតិបត្តិការចម្រុះលើខ្លឹមសារឌីជីថល ការកម្សាន្ត និងអាជីវកម្មទាក់ទងនឹងបែបផែនជីវិតរស់នៅ។

ចាប់តាំងពីឆ្នាំ២០១០មក Sabay បានវិនិយោគយ៉ាងសកម្មនៅក្នុងឧស្សាហកម្មភាពយន្ត រួមទាំងការចែកចាយភាពយន្ត ការផលិត និងវិនិយោគភាពយន្តក្នុងស្រុក។

រោងភាពយន្ត Sabay ផ្តល់ជូននូវបទពិសោធន៍ភាពយន្តលំដាប់ពិភពលោកនៅទូទាំងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបៗ ក្រុមការងារក្នុងស្រុកដែលមានបទពិសោធន៍ និងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង។

ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីរ៖ ពង្រឹងនិងវិនិយោគទៅលើវិស័យភាពយន្តនិងកម្សាន្តរបស់ប្រទេសកម្ពុជា និងលើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព។

រោងភាពយន្ត Sabay តាំងជំហរជាសហគ្រាសដែលដឹកនាំដោយជនជាតិខ្មែរ ហើយប្តេជ្ញាក្នុងការផ្តល់អានុភាពទៅកាន់ទេពកោសល្យក្នុងស្រុក ការរីកចម្រើនដោយឯករាជ្យ និងជម្រុញអនាគតនៃឧស្សាហកម្មភាពយន្តនិងកម្សាន្តរបស់ប្រទេស។

