
ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់ពាក់ព័ន្ធនឹងទីតាំងយោធា ទីតាំងអាវុធយុទ្ធភ័ណ្ឌ យន្តហោះ នាវាចម្បាំង ដែលជាហេតុធ្វើឱ្យអ៊ីរ៉ង់វាយប្រហារចំគោលដៅបានត្រឹមត្រូវ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល២នាក់ដែលដឹងកិច្ចការផ្ទៃក្នុងរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

សេតវិមានបានច្រានចោលដំណឹងស្ដីពីរុស្ស៊ីជួយផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់។ សេតវិមានថា បើទុកជារឿងនេះកើតឡើងមែនក៏មិនបានធ្វើឱ្យសភាពការណ៍ប្រែប្រួលដែរ។ អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូឡាញ ឡេវីត សូមមិនឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងដំណឹងនេះ។

រុស្ស៊ី និងអ៊ីរ៉ង់ចាប់ផ្ដើមរឹតបន្តឹងទំនាក់ទំនងទ្វេភាគីដល់កម្រិតកំពូល។ រុស្ស៊ីត្រូវការដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ដើម្បីយកទៅធ្វើសង្គ្រាមទល់នឹងអ៊ុយក្រែន។ អាមេរិកចោទអះអាងថា អ៊ីរ៉ង់បានផ្ដល់ទៅឱ្យរុស្ស៊ីនូវដ្រូនអត្តឃាត និងជួយបើករោងចក្រផលិតដ្រូននៅលើទឹកដីរុស្ស៊ី។

នៅក្នុងសង្គ្រាមអ៊ីរ៉ង់លើកនេះ គេឃើញថាអ៊ីរ៉ង់ហាក់ដូចជាមានក្រឡាហក់ខ្លាំងព្រោះមានដ្រូនទំនើបៗអាចហោះទៅវាយប្រហារបានឆ្ងាយៗ។ អាមេរិកកំពុងងាកទៅស្នើសុំជំនួយពីអ៊ុយក្រែនដើម្បីចាត់ការដ្រូនរបស់អ៊ីរ៉ង់។

ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គីបានទាក់ទងទៅបណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក និងដែលរងការវាយប្រហារពីអ៊ីរ៉ង់។ លោកថាលោកបានទាក់ទងទៅអារ៉ាប់រួម កាតា បារ៉ែន ហ្សកដង់ និងគូវែត។

អ្នកនាំពាក្យសេតវិមានឆ្លើយតបថា លោកត្រាំមុខជានិយាយថាសន្តិភាពនៅតែអាចសម្រេចបាននៅអ៊ុយក្រែន។ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត។
