ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការព្រួយបារម្ភចំពោះកំណើនតម្លៃប្រេងឥន្ធនៈ ដោយបញ្ជាក់ថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ជាអាទិភាពរបស់លោក។

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោកត្រាំបានថ្លែងថា៖ «ខ្ញុំគ្មានអ្វីបារម្ភពីវានោះទេ។ តម្លៃនោះនឹងធ្លាក់ចុះវិញគំហុកភ្លាមៗ ពេលបញ្ហា(សង្រ្គាមប្រឆាំងអ៊ីរ៉ង់)នេះចប់។ ប៉ុន្តែបញ្ហានេះ គឺសំខាន់ជាងតម្លៃប្រេងឡើងថ្លៃតែបន្តួចទៅទៀត»។
សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអាមេរិករួមដៃអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើងលើស ៨០ ដុល្លារ/បារ៉ែល។ នៅពេលតម្លៃប្រេងអន្តរជាតិហក់ឡើង តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមកើនឡើងខ្ពស់ផងដែរ។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា អ្វីដែលលោកត្រាំប្រាប់រ៉យទ័រ គឺផ្ទុយពីអ្វីដែលលោកតែងតែឃោសនាប្រាប់ទៅអ្នកគាំទ្ររបស់លោកមុន និងក្រោយជាប់ឆ្នោតថា លោកនឹងធ្វើឱ្យតម្លៃប្រេងឆាំង និងអតិផរណាជារួម ធ្លាក់ចុះ។
អ្នកវិភាគនយោបាយនិយាយថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេងសាំង អាចធ្វើឱ្យប៉ះពាល់ដល់គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខ។
មន្ត្រីសេតវិមានឥឡូវនេះ កំពុងធ្វើការដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលដែលកំពុងកើនឡើង។ ទោះបីជាលោកត្រាំបាននិយាយមើលស្រាលអំពីកំណើនតម្លៃប្រេងក៏ដោយ ក្រុមការងាររបស់លោកកំពុងពិភាក្សាអំពីដំណោះស្រាយ។
រាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍ តម្លៃប្រេងសកលបានកើនឡើង ១៦% រួចហើយ។ យោងតាម AAA ដែលជាអង្គការទេសចរណ៍អាមេរិក តម្លៃប្រេងជាមធ្យមទូទាំងសហរដ្ឋអាមេរិក បានកើនឡើង ២៧ សេន ចាប់តាំងពីសប្តាហ៍មុន ដល់ ៣,២៥ ដុល្លារ/ហ្គាឡុង។
លោកត្រាំបាននិយាយថា តម្លៃនេះ «មិនបានកើនឡើងច្រើនទេ» ខណៈជម្លោះនៅតែបន្តរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា។
