ភ្នំពេញ – ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់គ្រាប់ផ្លោងចំនួន ១២,០០០គ្រាប់ទៅឲ្យអ៊ីស្រាអែលក្នុងលក្ខខណ្ឌ«គ្រាអាសន្ន» នៅថ្ងៃទី៧ ខែមីនា ក្នុងពេលដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើង។

យោងតាមរបាយការណ៍របស់ CNN ការលក់កញ្ចប់គ្រាប់ផ្លោងដែលមានទម្ងន់ជិតកន្លះតោន (៤៥០គីឡូក្រាម) នេះមានតម្លៃប្រមាណ ១៥១.៨ លានដុល្លារ ត្រូវបានអនុម័តដោយការិយាល័យកិច្ចការនយោបាយ-យោធារបស់ក្រសួងការបរទេសអាមេរិក។
ការិយាល័យនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការលក់នេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពយោធារបស់អ៊ីស្រាអែលក្នុងការទប់ទល់នឹងការគំរាមកំហែង ពង្រឹងការការពារជាតិ និងបម្រើជាការទប់ស្កាត់ចំពោះការគំរាមកំហែងក្នុងតំបន់»។

ជាការចម្លែក ការលក់នេះត្រូវបានអនុវត្តដោយរំលងនីតិវិធីធម្មតាដែលតម្រូវឲ្យមានការយល់ព្រមពីសភាជាមុនសិន។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញលិខិតលើកលែងដោយយោងទៅតាមច្បាប់គ្រប់គ្រងការនាំចេញអាវុធ ដែលបានធ្វើឲ្យមន្ត្រីជាប់ឆ្នោតមួយចំនួនមានការភ្ញាក់ផ្អើល។
ក្រសួងការបរទេសអាមេរិកបានអះអាងថា ការសម្រេចចិត្តនេះស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងត្រូវបានអនុវត្តតាមមាត្រាការពារជាតិ។
ក្រៅពីគ្រាប់ផ្លោងទាំងនោះ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលសេវាកម្មវិស្វកម្ម ភស្តុភារកម្ម និងជំនួយបច្ចេកទេសពីរដ្ឋាភិបាលអាមេរិកផងដែរ។

ការផ្គត់ផ្គង់អាវុធនេះកើតឡើងក្នុងពេលដែលភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងកើនឡើង ដែលធ្វើឲ្យមានការព្រួយបារម្ភពីសង្គមអន្តរជាតិអំពីសក្តានុពលនៃសង្គ្រាមពេញលេញនៅតំបន់។
