តម្លៃប្រេងអន្តរជាតិបានហក់ឡើងកាន់តែខ្ពស់ដល់កម្រិតលើស ៩០ ដុល្លារក្នុងមួយបារ៉ែល នៅពេលបិទការជួញដូរកាលពីថ្ងៃសុក្រ ដោយសារតែភាពតានតឹងជម្លោះរវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កកង្វល់ផ្នែកផ្គត់ផ្គង់ប្រេងទូទាំងសកលលោក។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ៧,២៨ ដុល្លារ ឬ ៨,៥២% ដល់ ៩២,៦៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកម៉ាក West Texas Intermediate crude (WTI) បានកើនឡើង ៩,៨៩ ដុល្លារ ឬ ១២,២១% ដល់ ៩០,៩០ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង WTI បានកើនឡើង ៣៥,៦៣% និងតម្លៃប្រេងម៉ាក Brent ២៧% ដែលជាកំណើនប្រចាំសប្ដាហ៍ដ៏ខ្ពស់បំផុតរាប់តាំងពីវិបត្តិកូវីដ១៩ក្នុងរដូវផ្ការីកឆ្នាំ ២០២០។

គេសង្កេតឃើញថា តម្លៃប្រេង WTI កើនឡើងច្រើនជាងតម្លៃប្រេងម៉ាក Brent ជាប់ៗគ្នារួចហើយ ដោយសារក្រុមហ៊ុនចម្រាញ់ប្រេងនៅទូទាំងពិភពលោកប្រញាប់ប្រញាល់ទិញប្រេងឆៅពីប្រភពផ្សេងៗ ដើម្បីជំនួសប្រេងដែលមិនអាចនាំចូលពីមជ្ឈិមបូព៌ា។
ច្រកហ័រមូហ្ស ដែលរួមចំណែកប្រមាណ ២០% ដល់ការដឹកជញ្ជូនប្រេងសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ត្រូវបានបិទខ្ទប់ដោយសារតែជម្លោះនេះ។

អ្នកវិភាគទីផ្សារបានព្យាករថា តម្លៃប្រេងអាចឡើងលើស ១០០ ដុល្លារ/បារ៉ែល ខណៈធនាគារវិនិយោគអាមេរិក JP Morgan រំពឹងថាវាអាចឡើងដល់ ១២០ ដុល្លារ/បារ៉ែល ហើយមន្រ្តីថាមពលកាតាបានព្យាករថាអាចដល់ ១៥០ ដុល្លារ/បារ៉ែល។
