ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសច្បាស់លាស់ថា នឹងមិនមានកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ទេ លើកលែងតែប្រទេសនេះចុះចាញ់ដោយគ្មានលក្ខខណ្ឌជាមុនសិន។

ការប្រកាសដ៏រឹងមាំនេះត្រូវបានលោកត្រាំចេញផ្សាយតាមរយៈបណ្តាញសង្គម Truth Social របស់ខ្លួននៅថ្ងៃសុក្រ ទី០៦ ខែមីនា ក្នុងពេលដែលការវាយប្រហារជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានឆ្លងកាត់សប្តាហ៍ដំបូងរួចហើយ។
លោកត្រាំសរសេរយ៉ាងច្បាស់លាស់ថា៖ «នឹងមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លើកលែងតែការចុះចាញ់ដោយគ្មានលក្ខខណ្ឌ! បន្ទាប់ពីនោះ និងការជ្រើសរើសមេដឹកនាំដ៏អស្ចារ្យ ដែលអាចទទួលយកបាន!»
ក្នុងសារនេះ លោកត្រាំបានបន្ថែមថា៖ «យើងនិងសម្ព័ន្ធមិត្ត និងដៃគូដ៏អស្ចារ្យដែលក្លាហានជាច្រើនរបស់យើង នឹងធ្វើការដោយមិនចេះនឿយហត់ ដើម្បីនាំអ៊ីរ៉ង់ត្រឡប់ពីភាពបំផ្លិចបំផ្លាញវិញ ដោយធ្វើឱ្យវាកាន់តែអស្ចារ្យ ប្រសើរជាងមុន និងរឹងមាំជាងពេលណាៗទាំងអស់។ អ៊ីរ៉ង់នឹងមានអនាគតដ៏អស្ចារ្យ»។

ក្នុងរយៈពេល១សប្តាហ៍មកនេះ សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសអ៊ីរ៉ង់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយប្រកាសជាសាធារណៈពីគោលបំណងនៃការផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ។
អ្វីដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹងគឺការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅក្នុងការវាយប្រហារលើកដំបូងលើប្រទេសនេះ រួមជាមួយមន្ត្រីជំនិត និងយោធាជាន់ខ្ពស់មួយចំនួនទៀត។
សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តអ៊ីស្រាអែល និងអ៊ីរ៉ង់ សុទ្ធតែបានបង្ហាញពីការតាំងចិត្តខ្ពស់បន្តជម្លោះនេះ បើក្នុងករណីចាំបាច់។
លោកត្រាំបានអះអាងថា សហរដ្ឋអាមេរិកមានធនធានយោធាដ៏ច្រើន ដើម្បីធ្វើសង្គ្រាមរហូតដល់អ៊ីរ៉ង់ចាញ់។

ចំណែកទីក្រុងតេហេរ៉ង់បានឆ្លើយតបថា ខ្លួនមានពេលជាច្រើនទសវត្សរ៍ ដើម្បីរៀបចំសម្រាប់ជម្លោះមួយនេះ ហើយហ៊ានឱ្យទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមការឈ្លានពានដីគោកចូលក្នុងប្រទេសនេះទៀតផង។
ស្ថានភាពបច្ចុប្បន្នបង្ហាញពីការតានតឹងដ៏ខ្ពស់បំផុតមួយក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយមិនមានសញ្ញាណាមួយបង្ហាញពីការធូរស្បើយនៅឡើយទេ។
