ត្រាំ​ព្រមាន​គុយ​បា​៖ របប​កុម្មុយ​និស្ត​នឹង​ដួល​រលំ​ឆាប់​ៗ​នេះ​

ត្រាំ​ព្រមាន​គុយ​បា​៖ របប​កុម្មុយ​និស្ត​នឹង​ដួល​រលំ​ឆាប់​ៗ​នេះ​

វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បាន​ថ្លែង​ជា​ចំហ​ថា​បន្ទាប់​ពី​រួច​ដៃ​ពី​សង្គ្រាម​នៅ​អ៊ីរ៉ង់ លោក​នឹង​ងាក​ទៅ​ចាត់​ការ​ប្រទេស​គុយ​បា​វិញ​ម្ដង​។ លោក​ទស្សន៍​ទាយ​ថា​របប​ដឹក​នាំ​កុម្មុយ​និស្ត​នៅ​គុយ​បា​មុខ​តែ​ដួល​រលំ​ឆាប់​ៗ​នេះ​ជា​មិន​ខាន​។

លោក​ដូណាល់​ត្រាំ

ឥឡូវ​នេះ គុយ​បា​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ខ្លាំង​ដោយ​សារ​អាមេរិក​បិទ​ខ្ទប់​មិន​ឱ្យ​ប្រេង​ដឹក​ចូល​គុយ​បា​បាន​ឡើយ​។ លោក​ត្រាំ​អះ​អាង​ថា​ពួក​គេ​(គុយ​បា) ចង់​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។

លោក​ថ្លែង​នៅ​ក្នុង​បទសម្ភាស​ជា​មួយ​ទូរទស្សន៍​ស៊ី​អឹន​អឹន​ថា​៖ “យើង​ពិត​ជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​។ យើង​នៅ​មាន​ពេល​ខ្លះ​ទៀត​ដែរ​។ ៥០​ឆ្នាំ​ហើយ​គុយ​បា​ល្មម​ដល់​ពេល​ដូរ​ហើយ​។”

គុយ​បា​កំពុង​ប្រឈម​នឹង​បញ្ហា​

លោក​ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​រូប៊ីអូ​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​របស់​លោក​ដែល​ជាន់​លើ​ទឹក​ដី​គុយ​បា​។ លោក​ត្រាំ និង​លោក​រូប៊ីអូ​បាន​និយាយ​ជា​ចំហ​ថា​ត្រូវ​តែ​ដូរ​របប​ដឹក​នាំ​នៅ​គុយ​បា​។

អ្នក​សម្រប​សម្រួល​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​ខាង​កិច្ច​ការ​គុយ​បា​ លោក​រ៉ប់​ អាលីសុន ទើប​តែ​ជួប​ជា​មួយ​អ្នក​តំណាង​ជាន់​ខ្ពស់​វិហារ​កាតូលិក​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​ឡា​ហា​វ៉ាន់​។

ការ​ជួប​រវាង​មន្ត្រី​អាមេរិក​និង​វិហារ​កាតូលិក

លោក​ត្រាំ​ធ្លាប់​និយាយ​ញយ​ដង​ថា​របប​ដឹក​នាំ​នៅ​គុយ​បា​រក​កល​នឹង​ដួល​រលំ​ដោយ​មិន​ចាំ​បាច់​លោក​ប្រើ​កម្លាំង​ធ្វើ​អន្ត​រា​គមន៍​ទេ​។ នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ជាន់​ពន្លិច​ឱ្យ​ឆាប់​ដួលរលំ លោក​សម្រេច​ចិត្ត​បិទខ្ទប់​មិន​ឱ្យ​មាន​ប្រេង​ដឹក​ចូល​គុយ​បា​បាន​ឡើយ​។

ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​មករា​ រហូត​មក​ដល់​ពេល​នេះ គ្មាន​កប៉ាល់​ណា​មួយ​ដឹក​ប្រេង​ចូល​គុយ​បា​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នានា​លុប​ចោល ឬ​ពន្យារ​ពេល​ជើង​ហោះ​ហើរ​ទៅ​កាន់​គុយ​បា​។

បញ្ហា​ខ្វះ​ថាម​ពល​នៅ​គុយ​បា

រដ្ឋាភិបាល​ទី​ក្រុង​ឡាហាវ៉ាន​ចោទ​ប្រកាន់​ថា​លោក​ត្រាំ​ចង់​ខ្ទប់​ដង្ហើម​គុយ​បា​ឱ្យ​ស្លាប់​ទាំង​ជំ​ហរ​តែ​ម្ដង​។ មែន​ទែន​ទៅ​ គុយ​បា​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាម​ពល​ និង​ឥន្ធនៈ​មិន​មែន​ទើប​តែពេល​នេះ​ទេ​។ ប្រទេស​នេះ​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​រាប់​ឆ្នាំ​មក​ហើយ​។

ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា និង​ប្រភព​ដទៃ​ទៀត

administrator

Related Articles