ក្រសួងបរិស្ថានផ្អាករោងចក្រអាលុយមីញ៉ូមនៅបាវិត ក្រោយរកឃើញប្រព័ន្ធបង្ហូរទឹកសំណល់បំពុលបរិស្ថាន

ក្រសួងបរិស្ថានផ្អាករោងចក្រអាលុយមីញ៉ូមនៅបាវិត ក្រោយរកឃើញប្រព័ន្ធបង្ហូរទឹកសំណល់បំពុលបរិស្ថាន

ខេត្តស្វាយរៀង – ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរផលិតកម្មរបស់ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. នៅក្រុងបាវិត ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនត្រឹមត្រូវ និងបង្ហូរទឹកសំណល់បំពុលបរិស្ថាន។

ក្រុមការងារជំនាញក្រសួងបរិស្ថានពិនិត្យទីតាំងរោងចក្រ

ក្រុមការងារជំនាញក្រសួងបរិស្ថាន ដោយមានការសហការពីតំណាងរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស មន្ទីរបរិស្ថានខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានរកឃើញរោងចក្រកែច្នៃអាលុយមីញ៉ូមនេះ ដែលមានទីតាំងនៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត បានដំណើរការផលិតកម្មដោយមិនទាន់មានឯកសារលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

ស្ថានភាពទឹកប្រឡាយមានពណ៌ក្រម៉ៅនិងក្លិនស្អុយ

ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនបានធ្វើការទុកដាក់សំណល់ភក់ និងការបញ្ចេញសំណល់រាវពុំបានត្រឹមត្រូវតាមបទដ្ឋានបរិស្ថាន និងនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។ ក្រសួងបរិស្ថានបានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរផលិតកម្មជាបណ្តោះអាសន្ន និងត្រូវបញ្ឈប់ការបង្ហូរសំណល់រាវជាបន្ទាន់។

ប្រព័ន្ធលូចេញពីក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេស

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនពន្លឿនការស្នើសុំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រូវរៀបចំលិខិតអនុញ្ញាតពាក់ព័ន្ធទាក់ទងនឹងវិស័យបរិស្ថានឱ្យបានត្រឹមត្រូវ។ លើសពីនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រុមការងារយកសំណាកទឹកសំណល់ទៅវិភាគ

ក្រុមការងារជំនាញបានយកសំណាកសំណល់រាវ និងសំណាកទឹក នៅក្នុងប្រឡាយទឹកចំនួនសរុប ៦សំណាក មកធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន។ ក្រុមការងារបានពិនិត្យឃើញថា ស្ថានភាពទឹកប្រឡាយមានពណ៌ក្រម៉ៅ និងមានក្លិនស្អុយ។

ត្រីងាប់នៅក្នុងប្រឡាយទឹក

ក្រុមការងារបានត្រួតពិនិត្យតាមដងប្រឡាយឃើញថា មានប្រព័ន្ធលូជាច្រើនចេញពីបណ្ដាក្រុមហ៊ុន ដែលកំពុងដំណើរការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក តភ្ជាប់ចូលក្នុងប្រឡាយ។ នៅក្នុងប្រឡាយទឹកមួយកន្លែង ដែលពាក់ព័ន្ធនឹងរោងចក្រមួយចំនួន របស់តំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក នឹងហូរបន្តទៅបឹងខ្វាង។

ការតាមដានស្ថានភាពបរិស្ថាន

ក្រុមការងារក៏បានតាមដានបន្ថែមករណីមានត្រីងាប់ នៅក្នុងប្រឡាយភាគខាងត្បូង ក្បែរទីតាំងក្រុមហ៊ុន ដែលបង្ហាញពីការប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានជុំវិញ។

ការពិនិត្យប្រព័ន្ធបង្ហូរសំណល់

ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងឱ្យក្រុមហ៊ុនអនុវត្តតាមការណែនាំជាបន្ទាន់ ដើម្បីការពារការបំពុលបរិស្ថានបន្ថែមទៀត និងធានាសុខភាពបរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។

អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ ស្រីណា

administrator

Related Articles