ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដាស់តឿនអាជ្ញាធរទាំងអស់កុំសន្តិភាពពេកក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយអ្នកល្មើសអាចជ្រកនៅទីតាំងដែលនឹកស្មានមិនដល់។

ការដាស់តឿននេះបានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃសៅរ៍ ទី០៧ មីនា ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលបានអះអាងថា៖ “កុំសន្តិភាពថាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ ពួកគេអាចជ្រកនៅទីតាំងដែលយើងនឹកស្មានមិនដល់។”

ដូច្នេះ សូមអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យនិងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ ការងារនេះត្រូវបញ្ចប់ឱ្យអស់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ តាមបទបញ្ជារបស់ឧបនាយករដ្ឋមន្ត្រី ស សុខា។

លោកអភិបាលក៏បានស្នើឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ នៅពេលអនុវត្តការងារបង្ក្រាបបោសសម្អាត Online Scams ត្រូវតែម៉ត់ចត់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងមានបញ្ហាគ្រោះថ្នាក់។

ជាមួយគ្នានោះ លោកបានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើការណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុម ចូលរួមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកក៏បានកោតសរសើរដល់កងកម្លាំងសមត្ថកិច្ចដែលបានធ្វើការងារបង្ក្រាបនិងបោសសម្អាតបទល្មើសនេះកន្លងមកទទួលបានជោគជ័យល្អ។
អត្ថបទសរសេរដោយ ចន ណារិទ្ធ
កែសម្រួលដោយ ស្រីណា
